នាយឧត្តមសេនីយ៍ ខេង សុមេធ ចាត់ក្រុមការងារអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនក្រុមគ្រួសារវីរនគរបាលដែលបានពលី ក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពថៃ ឈ្លានពាន
10-10-2026 16:27
(ព្រំដែន)៖ យោងតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងនាំយកអំណោយជូនដល់ក្រុមគ្រួសារវីរនគរបាលដែលបានពលីជីវិត ក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពថៃ ឈ្លានពាន។
ក្រុមការងារដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារវីរនគរបាលចំនួន ៨គ្រួសារ ដែលបានពលីជីវិតក្នុងសមរភូមិសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយកងទ័ពថៃឈ្លានពានទឹកដីកម្ពុជា នាពេលកន្លងមក។ គ្រួសារវីរនគរបាលទាំង ៨នេះ រស់នៅខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
ក្នុងឱកាសនេះដែរ ក្រុមការងារក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រួសារវីរៈនគរបាលពលីទាំង ៨គ្រួសារ រួមមាន៖ អង្ករចំនួន ៤០បាវ, ត្រីខចំនួន ២៤កេស, មីចំនួន ១៤៤កេស, ទឹកបរិសុទ្ធចំនួន ១២០កេស, ទឹកក្រូចចំនួន ១២០កេស និងថវិកាមួយចំនួនផងដែរ។
កាយវិការដ៏សប្បុរសធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំចំពោះវីរភាព និងការលះបង់របស់កងកម្លាំងនគរបាលជាតិ ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់ជាតិ៕















