សុខសុវត្ថិភាពក៏រក្សា ពុទ្ធសាសនាក៏ចូលរួម! មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បន្តនាំយកទេយ្យទានទេយ្យវត្ថុ និងបច្ច័យជាង ១១លានរៀល ប្រគេនព្រះសង្ឃ ចំនួន២វត្ត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
10-10-2026 15:45
(ត្បូងឃ្មុំ)៖ ក្នុងបរិយាកាសដ៏ជ្រះថ្លានៃពិធីបុណ្យភ្ជុំបិណ្ឌ លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងប្រគេនទេយ្យទាន ទេយ្យវត្ថុ ជូនដល់ព្រះសង្ឃចំនួន ២វត្ត រួមមានវត្តដារ ក្នុងស្រុកមេមត់ និងវត្តជីមាន់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានេះ គណៈប្រតិភូកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានវេរប្រគេន និងជូននូវសម្ភារ ព្រមទាំងថវិកាសរុបចំនួន ១១,១២៦,០០០រៀល។
ក្នុងនោះរួមមាន៖ ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ, បច្ច័យបូជាប្រគេនព្រះសង្ឃចំនួន ៣,៥០០,០០០រៀល, បច្ច័យចូលរួមកសាងចំនួន ៨០០,០០០រៀល, សាដក ៦៤ ឈុត, សង្ឃទាន (សង្ហាន់) ៤ ស្រាក់, អង្ករ ៤ បេ, មី ៤ កេស, ត្រីខ ៤ យួរ, ទឹកត្រី ៤ យួរ, ទឹកស៊ីអ៊ីវ ៤ យួរ, ទឹកបរិសុទ្ធ ៨ កេស និងភេសជ្ជៈ ១៦កេស។
ព្រមទាំងបានចែកទៀន ជាថវិកាសរុបចំនួន ១,៧៦០,០០០រៀល ជូនដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ប្រជាការពារ យោធា ដែលបានចូលរួមក្នុងពិធីបុណ្យ។
ក្រៅពីកិច្ចខិតខំថែរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សកម្មភាពមនុស្សធម៌ និងការទ្រទ្រង់ព្រះពុទ្ធសាសនានេះ បានស្តែងឲ្យឃើញពីទឹកចិត្តយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ ក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិ និងការលើកកម្ពស់វិស័យពុទ្ធចក្រនៅក្នុងមូលដ្ឋាន៕











