សិង្ហបុរី បញ្ជូននាយទាហានប្តូរវេន ២រូប ចូលរួមជាមួយក្រុម AOT តាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន (Video inside)
10-10-2026 15:32
(សៀមរាប)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីរ (២) រូបគឺ (វរសេនីយ៍ត្រី GARRETT CHEW និងព្រិន្ទបាលឯក SOH BOON HUI) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕




