អភិបាលខេត្តកណ្តាល ណែនាំអភិបាលក្រុងតាខ្មៅ និងស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន
10-10-2026 15:30
(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់លោក អ៊ូច សៅវឿន អភិបាលស្រុកពញាឮថ្មី និងលោក លីវ វណ្ណថេង អភិបាលក្រុងតាខ្មៅថ្មី ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាបន្តកែលម្អការផ្តល់សេវាសាធារណៈ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ការណែនាំនេះបានធ្វើឡើងក្នុងឱកាសពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកពញាឮថ្មី កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ និងប្រកាសអភិបាលក្រុងតាខ្មៅថ្មី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល។
លោក អ៊ូច សៅវឿន ត្រូវបានតែងតាំងជាអភិបាលស្រុកពញាឮ ជំនួសលោក ថន សុវណ្ណា រីឯលោក លីវ វណ្ណថេង ត្រូវបានតែងតាំងជាអភិបាលក្រុងតាខ្មៅ ជំនួសលោក ឃឹម សំភារ។
ថ្លែងក្នុងពិធីនោ លោកអភិបាលខេត្តបានជំរុញឱ្យអភិបាលក្រុង-ស្រុកថ្មី ត្រូវអនុវត្តតួនាទី និងភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ ត្រូវបន្តសិក្សាស្រាវជ្រាវ និងតាមដានសភាពការណ៍ក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ ដើម្បីធានាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។ លោកក៏បានសង្កត់ធ្ងន់លើការបន្តផ្សព្វផ្សាយកម្មវិធី App NoDrug ដល់ប្រជាពលរដ្ឋដើម្បីចូលរួមផ្តល់ព័ត៌មាន។
ការយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋាន ដោយធានាថាគម្រោងសំណង់នានាមានគុណភាព និងអនុវត្តទាន់ពេលវេលា ក៏ជាចំណុចគន្លឹះដែលលោកអភិបាលខេត្តបានណែនាំផងដែរ។ តាមរយៈការណែនាំទាំងនេះ ថ្នាក់ដឹកនាំខេត្តកណ្តាលរំពឹងថា រដ្ឋបាលក្រុងតាខ្មៅ និងស្រុកពញាឮ នឹងបន្តបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូល៕

























