សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៦០វត្ត ក្នុងខេត្តកំពង់ឆ្នាំង នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
10-10-2026 14:20
(កំពង់ឆ្នាំង)៖ លោក ពេញ វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បាននាំយកទេយ្យទានដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃទាំងពីរនិកាយ ដែលគង់នៅក្នុងវត្តចំនួន ៦០វត្ត ក្នុងខេត្តកំពង់ឆ្នាំង។
ពិធីប្រគេនទេយ្យទាននេះ ត្រូវបានរៀបចំឡើងក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយក្នុងមួយវត្តទទួលបានអង្ករ ៣០០គីឡូក្រាម។
ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃទាំងពីរគណៈ ព្រះចៅអធិការវត្តទាំង ៦០វត្ត ថ្នាក់ដឹកនាំខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង រួមទាំងតាជី-ដូនជី និងគណៈកម្មការអាចារ្យយ៉ាងច្រើនកុះករ។ ការប្រគេនទេយ្យទាននេះ បានប្រព្រឹត្តទៅនៅក្នុងវត្តខេមវន្ត (ហៅវត្តខ្សាម) ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។
ការប្រគេនទេយ្យទានដល់ព្រះសង្ឃទាំង ៦០វត្ត ក្នុងខេត្តកំពង់ឆ្នាំងនេះ គឺដើម្បីចូលរួមចំណែកក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ រួមទាំងដូនជី-តាជី ដែលបានស្នាក់អាស្រ័យនៅក្នុងវត្ត។ ទេយ្យទានទាំងនេះ នឹងជួយសម្រាលបន្ទុក និងបំពេញតម្រូវការចាំបាច់មួយចំនួនរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់៕












