នគរបាលខេត្តព្រះសីហនុ ចុះអប់រំអ្នកបើកបររថយន្តដឹកអ្នកដំណើរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
10-10-2026 12:53
(ព្រះសីហនុ)៖ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអប់រំណែនាំដល់អ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ និងអ្នកបើកបររថយន្តតាក់ស៊ី នៅចំណតរថយន្ត ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។
សកម្មភាពនេះធ្វើឡើងតាមអនុសាសន៍របស់លោក ម៉ាង ស៊ីណេត អភិបាលខេត្ត និងការចង្អុលណែនាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្ត ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
លោកឧត្តមសេនីយ៍ត្រី ស៊ី ធឿនតុលា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់សាធារណៈ បានចាត់លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងសហការជាមួយតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះអនុវត្តការងារនេះ។ ខ្លឹមសារនៃការអប់រំបានផ្តោតសំខាន់លើការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ការបើកបរគោរពល្បឿនកំណត់ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងការគោរពសិទ្ធិអាទិភាព និងការចេះយោគយល់អធ្យាស្រ័យគ្នា។ ជាពិសេស គឺការហាមឃាត់ដាច់ខាតមិនឲ្យបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងសារធាតុញៀន។
លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា បានសង្កត់ធ្ងន់ថា រថយន្តមិនត្រឹមតែជាឧបករណ៍រកទទួលទានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវដ៏ធំធេងលើដងផ្លូវផងដែរ ដើម្បីការពារជីវិតខ្លួនឯង និងអ្នកដទៃ។
លោកបានណែនាំឲ្យអ្នកបើកបរទាំងអស់ពិនិត្យបច្ចេកទេសរថយន្តជាប្រចាំ រួមមានប្រព័ន្ធហ្វ្រាំង សំបកកង់ ភ្លើងសញ្ញា និងកញ្ចក់មើលក្រោយ មុនពេលចេញដំណើរ។ ការបើកបរដោយស្មារតីប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ គឺជាកត្តាសំខាន់បំផុតក្នុងការរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕









