FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧

10-10-2026 11:50

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការ និង ទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ច
អាស៊ែបៃហ្សង់-កម្ពុជា (Azerbaijan-Cambodia Business Forum) ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម អាស៊ែបៃហ្សង់ ក្នុងគោលបំណងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ផ្លាស់ប្តូរព័ត៌មានអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ច ក៏ដូចជាស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ។

ក្រៅពីនេះ គណៈប្រតិភូក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយភាគីពាក់ព័ន្ធផងដែរ។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងវេទិកាធុរកិច្ចសំខាន់ៗផ្សេងទៀតក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងគោលបំណងពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់ភាពជាដៃគូក្នុងតំបន់ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់៕