សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
10-10-2026 11:29
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសទាំងបី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងគណៈប្រតិភូអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត។ លើសពីនេះ សមាជិកមួយចំនួននៃសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងចូលរួមក្នុងដំណើរទស្សនកិច្ចនេះផងដែរ ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងវិនិយោគ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ សម្តេចធិបតី នឹងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិកដទៃទៀត ក្រោមមូលបទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើនប្រកបដោយចីរភាពនៅអាស៊ី»។ សម្តេចធិបតី ក៏គ្រោងនឹងជួបទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេសសមាជិក CICA ផ្សេងទៀតផងដែរ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីយ៉េ និងមានជំនួបជាមួយ ឯកឧត្តម Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងតួកគីយ៉េ ព្រមទាំងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាដែលជាកង្វល់រួម។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាមិត្ត។

