FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះពង្រឹងចំណេះដឹងដល់វីរពេទ្យកងទ័ពជួរមុខនៅចំណុចមរកត (មុំ៣) សំដៅបង្ការ និងទប់ស្កាត់ជំងឺគ្រុនចាញ់

10-10-2026 10:03

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារគ្រុនចាញ់ ចុះផ្ទាល់ដល់ចំណុចមរកត (មុំបី) ដើម្បីផ្សព្វផ្សាយ និងពង្រឹងចំណេះដឹងស្តីពីការបង្ការ និងទប់ស្កាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន ដល់វីរពេទ្យកងទ័ពចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលកំពុងបំពេញភារកិច្ចនៅតំបន់ជួរមុខ។

ការចុះអនុវត្តការងារនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំការិយាល័យស្រុកប្រតិបត្តិ និងលោកឧត្តមសេនីយ៍ត្រី អៀង វ៉េង ប្រធានសុខាភិបាលកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាពីអង្គការ MC។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានយកចិត្តទុកដាក់លើការផ្សព្វផ្សាយអប់រំសុខភាព និងការពង្រឹងសមត្ថភាពវីរពេទ្យកងទ័ពឱ្យយល់ដឹងកាន់តែច្បាស់អំពីវិធានការបង្ការ ការស្វែងរកករណីសង្ស័យ និងការធ្វើតេស្តរកមេរោគគ្រុនចាញ់។

លោកបានសង្កត់ធ្ងន់ថា ត្រូវធ្វើតេស្តរកមេរោគគ្រុនចាញ់ចំពោះគ្រប់ករណីដែលមានការសង្ស័យ ដើម្បីធានាការរកឃើញទាន់ពេលវេលា និងចាត់វិធានការសមស្រប សំដៅទប់ស្កាត់ការកើតមានជំងឺគ្រុនចាញ់ឡើងវិញ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងការងារបង្ការ តាមដាន និងឆ្លើយតបចំពោះជំងឺគ្រុនចាញ់ ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការត្រៀមខ្លួនទទួលវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់ពីអង្គការសុខភាពពិភពលោកនៅឆ្នាំ២០២៩។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់វីរពេទ្យកងទ័ព ដែលបានខិតខំបំពេញការងារធ្វើតេស្តស្វែងរកជំងឺគ្រុនចាញ់ និងផ្សព្វផ្សាយអប់រំសុខភាពដល់វីរកងទ័ពជួរមុខកន្លងមក។

ក្នុងដំណើរចុះបំពេញការងារនេះ ក្រុមការងារបានផ្តល់សម្ភារៈ និងគ្រឿងឧបត្ថម្ភមួយចំនួនដល់វីរពេទ្យកងទ័ព រួមមាន ថ្នាំបាញ់សម្លាប់មូសចំនួន១០កំប៉ុង មុងគ្រែចំនួន ២០មុង មុងអង្រឹងចំនួន ២០មុង មាន់ចំនួន៨ក្បាល និងបន្លែ ដើម្បីចូលរួមគាំទ្រដល់ការបង្ការជំងឺដែលបង្កឡើងដោយមូស និងលើកកម្ពស់សុខុមាលភាពរបស់កងទ័ព។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចសហការរវាងមន្ត្រីសុខាភិបាល និងកងទ័ព ក្នុងការរួមគ្នាការពារសុខភាពកងកម្លាំងជួរមុខប្រកបដោយប្រសិទ្ធភាព៕