FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

10-10-2026 09:59

(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង ប្រកបដោយបរិយាកាសមហោឡារិក។

ការប្រកាសឱ្យចូលកាន់មុខតំណែងថ្មីនៃមន្ត្រីរាជការផ្នែកសុខាភិបាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ស្ថាប័ន ក៏ដូចជាធានាបាននូវដំណើរការរដ្ឋបាលប្រកបដោយតម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គុជ សុីថា បានកោតសរសើរយ៉ាងកក់ក្តៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់មន្ត្រីរាជការទាំងអស់កន្លងមក ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្ត។

លោកវេជ្ជបណ្ឌិត គុជ សុីថា ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗដល់មន្ត្រីដែលទើបនឹងចូលកាន់មុខតំណែងថ្មី ឲ្យបន្តខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពស្មោះត្រង់។

ប្រធានមន្ទីរបានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។ ការប្រកាសចូលកាន់មុខតំណែងនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាង និងពង្រឹងសមត្ថភាពស្ថាប័នសុខាភិបាលខេត្តស្វាយរៀង ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបទៀត មកពីបណ្តាការិយាល័យចំណុះមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាក្នុងខេត្តស្វាយរៀង ដែលបានបង្ហាញពីការគាំទ្រ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញវិស័យសុខាភិបាលខេត្តឲ្យកាន់តែរីកចម្រើន៕