សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប្រគេនអង្ករជិត ៧តោន ដល់វត្ត២៣ នៅខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
10-10-2026 09:32
(ស្ទឹងត្រែង)៖ ក្នុងស្មារតីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការចូលរួមទ្រទ្រង់ជីវភាពព្រះសង្ឃ អង្ករចំនួន ៦ ៩០០គីឡូក្រាម ដែលជាមហាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ត្រូវបាននាំយកទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន២៣ ក្នុងខេត្តស្ទឹងត្រែង។
ពិធីប្រគល់ និងទទួលទេយ្យទានដ៏ថ្លៃថ្លានេះ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវត្ត ស្រះកែវ មុនីវណ្ណ តាមរយៈក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ក្នុងពិធីប្រកបដោយបរិយាកាសជ្រះថ្លាបំផុត ដោយមានការនិមន្តចូលរួមពីព្រះមេគណទាំង ២គណៈ ព្រមទាំងមានវត្តមានជាអធិបតីភាពរបស់ លោក ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណារបស់លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។
និងមានការអញ្ជើញចូលរួម ពីសំណាក់ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត មន្ត្រីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានផងដែរ។
អំណោយផលដែលបានប្រគេននាឱកាសនោះ រួមមានអង្ករចំនួន ៦ ៩០០គីឡូក្រាម ត្រូវបានបែងចែក និងវេរប្រគេនដោយផ្ទាល់ដៃជូនដល់តំណាងព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន២៣ គ្របដណ្តប់លើក្រុង និងស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង។
ការឧបត្ថម្ភគាំទ្រនេះ គឺជាកាយវិការស្តែងចេញពីទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្នុងគោលបំណងសម្រួលដល់ការចង្ហាន់ និងការសង់បិណ្ឌរបស់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំវស្សា និងប្រកបពិធីបុណ្យភ្ជុំបិណ្ឌ។
បន្ថែមលើសពីមហាសទ្ធារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទន្ទឹមនឹងនោះលោកសរ សុពុត្រា ក៏បានចូលរួមបូជាសទ្ធាជ្រះថ្លា ដោយប្រគេនបច្ច័យផ្ទាល់ខ្លួនបន្ថែម ក្នុង១វត្តចំនួន ១០០,០០០រៀល ជូនដល់វត្តទាំង២៣ ដែលសរុបជាបច្ច័យប្រកបដោយទឹកចិត្តសប្បុរសធម៌ចំនួន ២,៣០០,០០០រៀល សម្រាប់សម្រួលដល់ការចំណាយផ្សេងៗ នៅក្នុងវត្តអារាមនីមួយៗផងដែរ។
មានថេរដីកា និងប្រសាសន៍នៅក្នុងពិធីនេះ តំណាងថ្នាក់ដឹកនាំ និងព្រះសង្ឃគ្រប់ព្រះអង្គ បានសម្តែងនូវព្រះរាជហឫទ័យ និងទឹកចិត្តអរព្រះគុណ អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត, ក្រសួងធម្មការ និងសាសនា ព្រមទាំងរដ្ឋបាលខេត្តស្ទឹងត្រែង ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់ព្រះសង្ឃ និងការទ្រទ្រង់វិស័យពុទ្ធចក្រឱ្យកាន់តែមានការរីកចម្រើន និងគង់វង្សស្ថិតស្ថេរជានិរន្តរ៍។
ទេយ្យទានទាំងនេះ មិនត្រឹមតែជាការចូលរួមទ្រទ្រង់ផ្នែកជីវភាពសម្ភារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្ត និងពង្រឹងស្មារតីសាមគ្គីភាពរវាងពុទ្ធចក្រ និងអាណាចក្រនៅក្នុងសង្គមជាតិទាំងមូលផងដែរ៕








