FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្ទឹងត្រែង ទទួលស្វាគមន៍ពលរដ្ឋ និងកម្មករនិយោជិតជាង ១ ២០០នាក់ ដែលវិលត្រឡប់មកស្រុកកំណើត​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមរថយន្តក្រុងឥតគិតថ្លៃ

10-10-2026 09:30

(ស្ទឹងត្រែង)៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ដែលធ្វើដំណើរវិលត្រឡប់ពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មកកាន់ខេត្តស្ទឹងត្រែង ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមរយៈសេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ខេត្តស្ទឹងត្រែង រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងដើម្បីផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ក្នុងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ការរៀបចំសេវាដឹកជញ្ជូននេះ មានគោលបំណងជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាចវិលត្រឡប់ទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តតាមបណ្តាខេត្តនានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ជាក់ស្តែង នៅថ្ងៃដំបូងនៃការផ្តល់សេវាដឹកជញ្ជូននេះ មានបងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិតចំនួន ១.២៣៥នាក់ បានធ្វើដំណើរមកកាន់ខេត្តស្ទឹងត្រែង ដោយប្រើប្រាស់រថយន្តក្រុងសរុបចំនួន ២៩គ្រឿង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកដល់ខេត្តស្ទឹងត្រែង បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ការផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃនេះ បានជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងផ្តល់ភាពងាយស្រួលដល់ពួកគាត់ក្នុងការវិលត្រឡប់មកស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិ ក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ។

ទន្ទឹមនឹងនេះ ពួកគាត់ក៏បានថ្លែងអំណរគុណចំពោះលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានអញ្ជើញមកទទួលស្វាគមន៍ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកដល់ខេត្ត ដោយធ្វើឱ្យពួកគាត់មានអារម្មណ៍កក់ក្តៅ និងរីករាយក្នុងការវិលត្រឡប់មកជួបជុំក្រុមគ្រួសារនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕