នាយឧត្តមសេនីយ៍ ស ថេត បន្ដចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ
09-10-2026 22:19
(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានបន្ដដឹកនាំគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសភូមិភាគទី៤ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅទីបញ្ជាការដ្ឋានគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៤ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែន ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរបស់កងកម្លាំងនគរបាល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
នាយឧត្តមសេនីយ៍ ខេង សុមេធ តាងនាមកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹកពីការងារចុះមកសួរសុខទុក្ខ និងនាំយកអំណោយមកជូនដល់កងកម្លាំងវីរនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ដោយផ្ទាល់។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់វីរកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគទី៥ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃជាតិ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រជាពលរដ្ឋ និងប្រទេសជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ឯកភាពតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ ខេង សុមេធ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលការពារព្រំដែន ក្នុងការរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានបង្ហាញការស្ញប់ស្ញែងចំពោះការបំពេញតួនាទីភារកិច្ចរបស់កម្លាំងនគរបាលការពារព្រំដែន ដែលបានប្រកៀកស្មារយ៉ាងរឹងមាំ តស៊ូក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ប្រឆាំងការទន្ទ្រានឈ្លានពានពីប្រទេសជិតខាង។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យកងកម្លាំងទាំអស់ពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើស ឲ្យបានទាន់ពេលវេលា។ កងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបូរណភាពទឹកដី ដែនអធិបតេយ្យជាតិកម្ពុជា៕





















