FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក តាំង ជុងលី និង លោកស្រី សារុន វិធុរ័ត្ន, លោកស្រី សុខ កែវ ច័ន្ទ សារុន អញ្ជើញចូលរួមពិធីក្រុងពាលី និងបញ្ជុះបឋមសិលាបើកការដ្ឋានសាងសង់មណ្ឌលសុខភាព នៅស្រុកសំរោង ខេត្តតាកែវ

09-10-2026 22:17

(ភ្នំពេញ)៖ លោកតាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និង លោកស្រី សារុន វិធុរ័ត្ន លោកស្រី សុខ កែវ ច័ន្ទ សារុន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមណ្ឌលសុខភាព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ជើងគួន និងប្រគល់រថយន្តសង្គ្រោះបន្ទាន់ជូនដល់ មណ្ឌលសុខភាព ខ្វាវ ជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ ច័ន្ទ សារុន និងក្រុមគ្រួសារ ។

ពិធីនេះបានប្រារព្វធ្វើនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាល អ្នកពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនរូប។

លោក តាំង ជុងលី បានមានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ស្រុកសំរោងទាំងមូល និងជាថ្ងៃដែលមិនអាចបំភ្លេចបានសម្រាប់ឃុំជើងគួន ដែលអគារមណ្ឌលសុខភាពមួយថ្មី និងផុសចេញជារូបរាង្គឡើងនាពេលឆាប់ៗខាងមុខនេះ។

សមិទ្ធិផលថ្មីនេះ ជាសមិទ្ធិផលមួយ ក្នុងចំណោមសមិទ្ធិផលជាច្រើនរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ចន្ទ សារុន កាលលោកនៅមានព្រះជន្ម បានកសាងសមិទ្ធិផលជាច្រើនរាប់មិនអស់ មានដូចជា៖ ផ្លូវថ្នល់ សាលារៀន វត្តអារាម បណ្តាល័យជាដើម។ល។

លោកបានលើកឡើងថា ការសាងសង់មណ្ឌលសុខភាពនេះ នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅមូលដ្ឋាន និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ព្រោះសុខភាពរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច និង បានផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋ អាចមកទទួលបានសេវាសុខភាពកាន់តែជិត និងទាន់ពេលវេលា ជាពិសេសសម្រាប់ស្ត្រី កុមារ មនុស្សចាស់ និងប្រជាពលរដ្ឋដែលមានតម្រូវការសុខភាពជាប្រចាំ។
ដោយកាត់បន្ថយការធ្វើដំណើរទៅកាន់មន្ទីរពេទ្យឬមូលដ្ឋានសុខាភិបាលដែលស្ថិតនៅឆ្ងាយ។

លោ្រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍវិស័យសុខាភិបាល ដោយចាត់ទុកសុខភាព និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ ជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាពិសេស ការពង្រឹងសេវាសុខាភិបាល នៅតាមមូលដ្ឋានជន បទ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានការថែទាំសុខភាពកាន់តែប្រសើរ និងកាន់តែមានភាពងាយស្រួល។

ជាងនេះទៀត បានផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ អ្នកដែលរស់នៅតំបន់ជនបទ និងតំបន់ឆ្ងាយ។ តាមរយៈការទទួលបាន សេវាពិនិត្យ ព្យាបាល និងការថែទាំសុខភាពនៅក្បែរមូលដ្ឋានរស់នៅ អាចជួយកាត់ បន្ថយការលំបាក និងចំណាយក្នុងការធ្វើដំណើរ ព្រមទាំងជួយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីការថែរក្សាសុខភាព និងការការពារជំងឺ។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូបគប្បីយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដោយអនុវត្តអនាម័យល្អ បរិភោគអាហារដែលមានសុវត្ថិភាព ធ្វើលំហាត់ប្រាណ និងទៅពិនិត្យសុខភាពជាប្រចាំនៅមណ្ឌលសុខភាព និងចូលរួមផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហសុខភាព និងលើកទឹកចិត្តគ្នាទៅវិញទៅមក ។ យើងរួមគ្នាយកចិត្តទុកដាក់លើសុខភាព ដើម្បីកសាងគ្រួសារដែលមានសុខភាពល្អ សហគមន៍ដែលមានភាពរឹងមាំ និងសង្គមមួយដែលមានការរីកចម្រើនប្រកបដោយចីរភាព។ សុខភាពល្អ គឺជាមូលដ្ឋាននៃជីវិតល្អ និងជាកម្លាំងសម្រាប់ការអភិវឌ្ឍគ្រួសារសហគមន៍និងប្រទេសជាតិ។

ក្នុងពិធីនេះដែរ លោកក៏បានអំពាវនាវដល់ភាគីតំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់លើការងារសាងសង់ សំណង់មានគុណភាព សុវត្ថិភាព និងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាថាមណ្ឌលសុខភាពនេះអាចប្រើប្រាស់បានយូរអង្វែងនិងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធភាព។

នាឱកាសនេះ ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងលោកជំទាវ សារុន វិធុរ័ត្ន លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថ ម្ភក៍ សុខ កែវ បានប្រគល់អំណោយ ជារថយន្តសង្រ្គោះបន្ទាន់ មួយគ្រឿង ប្រគល់ជូនមណ្ឌលសុខភាពខ្វាវ។ និងព្រមទាំងបានប្រគេនបច្ច័យចំនួន២០លានរៀល ( ២០.០០០.០០០រៀល) ដល់វត្តវារីបាការាម (ហៅវត្តស្នាយដួច ) ដេីម្បីជួសជុលដំបូលព្រះវិហារ។
ចែកជូនថវិកា ដល់តាជី យាយជី 20 នាក់ ក្នុងម្នាក់ ទទួលបានក្រណាត់ស 1 ដុំ និងថវិកា ៥.០០០រៀល។ ប្រជាពលរដ្ឋ 200នាក់ ក្នុងម្នាក់ ទទួលបានសារុង 1 ។ និងសិស្សានុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម ក្នុងម្នាក់ ៗទទួលបានថវិកា ៥.០០០រៀល។

តាមរបាយការណ៍ស្វាគមន៍ របស់លោក កៅ វត្តសែល អភិបាល នៃគណៈអភិបាលស្រុកសំរោង បានជម្រាបជូនថា នៅទូទាំងស្រុកសំរោង មានមណ្ឌលសុខភាពចំនួន ៩កន្លែង ប៉ុស្តិ៍សុខភាពចំនួន ១កន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងពីមន្ទីរពេទ្យបង្អែក ៣ផ្សេងគ្នា មានមន្ត្រី និងបុគ្គលិកសុខាភិ បាលចំនួន ១៣៣នាក់ ស្រី ៧៥នាក់ មន្ត្រីកិច្ចសន្យា ៨នាក់។

ដោយឡែក កន្លងមកឃុំជើងគួនពុំទាន់មានមណ្ឌលសុខភាព នៅឡើយទេ ជាក់ស្តែងថ្ងៃនេះដោយការទន្ទឹងរង់ចាំអស់រយៈពេល ២៤ឆ្នាំ របស់បងប្អូនប្រជាពលរដ្ឋឃុំជើងគួន ថ្ងៃនេះ លោកជំទាវ សុខ កែវ និងក្រុមគ្រួសារ និងជួយសាងសង់អគារមណ្ឌលសុខភាពជូនប្រជាពលរដ្ឋ ហើយបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅមុននេះបន្តិច នឹងក្លាយជាកន្លែងផ្តល់សេវាសុខាភិបាល នៅជិតផ្ទះ បងប្អូនប្រជាពលរដ្ឋ ជួយកាត់ បន្ថយការចំណាយ ពេលវេលាធ្វើដំណើរ និងឆ្លើយតបបានទាន់ពេលវេលាក្នុងការសង្គ្រោះជីវិត និងថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំជើងគួនទាំងមូល។

លោកអភិបាលស្រុកសំរោង បានបញ្ជាក់ថា មណ្ឌលសុខភាពនេះ មានទទឹង ១១.៣០ម៉ែត្រ បណ្ដោយ ២១.៣០ ម៉ែត្រ។ មានបន្ទប់ទាំងអស់ចំនួន ១២បន្ទប់ ក្នុងនោះរួមមាន៖ បន្ទប់រង់ចាំ១បន្ទប់ បន្ទប់រដ្ឋបាល១បន្ទប់ បន្ទប់ឱសថ១បន្ទប់ បន្ទប់ពិគ្រោះជំងឺ១បន្ទប់ បន្ទប់ពិសោធន៍ ១បន្ទប់ បន្ទប់ពិនិត្យផ្ទៃពោះ១បន្ទប់ បន្ទប់ចាក់វ៉ាក់សាំង១បន្ទប់ បន្ទប់សម្រាល១ បន្ទប់ បន្ទប់មុននិងក្រោយសម្រាល១បន្ទប់ បន្ទប់សម្លាប់មេរោគ ១បន្ទប់ បន្ទប់ពន្យាកំណើត ១បន្ទប់ និងបន្ទប់ទឹកសម្រាប់បុគ្គលិកពេទ្យ១បន្ទប់។

លោក ស៊ុត ខុន អភិបាលរងខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈ អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ក្នុងនាមប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំជើងគួនទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម តាំង ជុងលី និងលោកជំទាវ សារុន វិធុរ័ត្ន លោកជំទាវ អគ្គមហាឧសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាកថវិកាផ្តាល់ខ្លួនមកកសាងសំណង់មណ្ឌលសុខភាពនេះសម្រាប់អោយប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ក្នុងឃុំជើងគួន ស្រុកសំរោង មានមណ្ឌលសុខាភិបាល នៅក្បែរមូលដ្ឋានរស់នៅ គឺជាកត្តាសំខាន់មួយដែលជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវា ជាពិសេស នៅពេលមានជំងឺឬមានករណីត្រូវការសង្គ្រោះបន្ទាន់។

សូមបញ្ចាក់ថា ការរៀបចំក្រុងពាលីនេះ គឺដើម្បី បួង សួងដល់វត្ថុសក្តិសិទ្ធិទាំង ឡាយក្នុងលោក សូមនូវសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹក ម្ចាស់ដី ជូនទៅ ដល់ ថ្នាក់ ដឹកនាំ គ្រប់ ជាន់ថ្នាក់ និងបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សូមជួយបីបាច់ ថែរក្សាឲ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព ស្ថេរភាពនយោបាយ ជានិច្ចនិរន្តតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្ត ។

លើសពីនេះទៀត សូមគុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធ ក្នុងលោក សូមតាមប្រោះ ព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ ក្រុមគ្រួសារ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបនឹងសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕