FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងព័ត៌មាន ចេញលិខិតព្រមានចាងហ្វាងសារព័ត៌មានអនឡាញមួយ ដែលផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ

09-10-2026 21:50

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញលិខិតព្រមានទៅកាន់លោក ចាន់ ឫទ្ធី ចាងហ្វាងគេហទំព័រសារព័ត៌មាន ចាន់ឫទ្ធីញូស៍ (www.kehaktomporchanrithynews.com.kh) និងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ "CRTNews" ដោយតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដែលមិនមានមូលដ្ឋានច្បាស់លាស់ គ្មានតុល្យភាព និងនាំឱ្យសាធារណមតិមានការយល់ច្រឡំ។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីក្រសួងបានរកឃើញភាពមិនប្រក្រតីក្នុងការចុះផ្សាយព័ត៌មានមួយនៅខេត្តកែប កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។

យោងតាមលិខិតព្រមាន ក្រសួងព័ត៌មានបានពិនិត្យឃើញថា ការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពនេះ ទទួលបានប្រភពនិងឯកសារមិនត្រឹមត្រូវ ព្រមទាំងការរៀបរៀងខ្លឹមសារព័ត៌មានខ្វះការផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយមុនពេលចុះផ្សាយ។ លើសពីនេះ គេហទំព័រនេះបានប្រើប្រាស់រូបភាពថ្នាក់ដឹកនាំ និងបានបញ្ចេញបញ្ចូលទស្សនៈផ្ទាល់ខ្លួនធ្វើការរិះគន់មិនសមស្របតាមគតិយុត្តិធម៌ ដែលជាហេតុនាំឱ្យសាធារណជនដាក់ការសង្ស័យ និងប៉ះពាល់ទៅដល់សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលពាក់ព័ន្ធ។

ក្រសួងបានបញ្ជាក់ថា ការអនុវត្តបែបនេះមិនស្របតាមគោលការណ៍នៃការគោរពសច្ចធម៌ ការផ្សព្វផ្សាយព័ត៌មានដោយសុចរិត ការសរសេរព័ត៌មានមិនបន្លំឱ្យគេយល់ខុសដោយយុត្តិធម៌ ការចៀសវាងការផ្សព្វផ្សាយក្នុងចេតនាញុះញង់ និងការទទួលខុសត្រូវវិជ្ជាជីវៈ ដូចមានចែងក្នុងមាត្រា៧ និងមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មានឡើយ។

ក្រសួងក៏បានកត់សម្គាល់ឃើញថា លោកចាងហ្វាងមិនទាន់អនុវត្តឱ្យបានពេញលេញទៅនឹងស្មារតីនៃកិច្ចប្រជុំ ការណែនាំរបស់ក្រសួងព័ត៌មាន និងសំណូមពររបស់ខ្លួន ដើម្បីធានាការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយទំនួលខុសត្រូវនោះទេ៕

ខាងក្រោមនេះជាលិខិតព្រមានរបស់ក្រសួងព័ត៌មាន៖