FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានរដ្ឋឡាវ ផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្ញើសាររំលែកទុក្ខ និងចាត់តាំងគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក សៃស៊ុមផន ភូមវិហាន

09-10-2026 20:02

(ភ្នំពេញ)៖ លោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ក៏ដូចជាការចាត់តាំង គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត សៃស៊ុមផន ភូមវិហាន (Xaysomphone Phomvihane) អតីតប្រធានរដ្ឋសភាជាតិឡាវ ដែលបានទទួលមរណភាព។

តាមរយៈសារលិខិតផ្លូវការ, ក្នុងនាមប្រជាជនឡាវ និងក្នុងនាមផ្ទាល់ខ្លួន លោកប្រធានរដ្ឋ ថងលុន ស៊ីសុលីត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយបក្ស រដ្ឋ និងប្រជាជនឡាវ។

ទន្ទឹមនឹងនេះ ប្រធានរដ្ឋឡាវ ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជាពិសេសជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដែលបានតំណាងឱ្យ សម្តេចតេជោ គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា អញ្ជើញធ្វើដំណើរទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោក សៃស៊ុមផន ភូមវិហាន ដោយផ្ទាល់នៅរដ្ឋធានីវៀងចន្ទន៍។

លោក ថងលុន ស៊ីសុលីត បានគូសបញ្ជាក់ថា កាយវិការដ៏ប្រពៃ និងទឹកចិត្តដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏ជិតស្និទ្ធជាប្រពៃណីយូរអង្វែង ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង រវាងគណបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ឡាវ ព្រមទាំងបានក្លាយជាកម្លាំងចិត្ត និងការលើកទឹកចិត្តយ៉ាងធំធេងដល់បក្ស រដ្ឋាភិបាល ប្រជាជនឡាវគ្រប់ជនជាតិ និងក្រុមគ្រួសារនៃសព។

ជាចុងក្រោយនៃសារលិខិត លោកប្រធានរដ្ឋឡាវ បានប្រសិទ្ធពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ សេចក្តីសុខ និងទទួលបានជោគជ័យកាន់តែធំធេងថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា៕