FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ

09-10-2026 19:20

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះបានគូសបញ្ជាក់ថា កម្ពុជា និងវៀតណាម បានប្តេជ្ញារួមគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ប៊ីលានដុល្លារអាមេរិកនាពេលខាងមុខ ខណៈដែលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានបន្តរីកចម្រើនគួរឱ្យកត់សម្គាល់។

ជាក់ស្តែងក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៦,៦ប៊ីលានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០២៥ សម្រេចបានប្រមាណ ៧,៨ប៊ីលានដុល្លារអាមេរិក។ ដោយឡែកការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគវៀតណាមសរុបចំនួន ១០៧គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣,៦ប៊ីលានដុល្លារអាមេរិក។

ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងវាយតម្លៃខ្ពស់ចំពោះវត្តមាន និងការរួមចំណែករបស់វិនិយោគិនវៀតណាម ក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ។

សម្តេចបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានឧត្តមភាព និងសក្តានុពលដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដោយវៀតណាមមានមូលដ្ឋានកម្មន្តសាលរីកចម្រើន ខ្សែច្រវាក់ផ្គត់ផ្គង់ស៊ីជម្រៅ បច្ចេកវិទ្យា ជំនាញ និងបណ្តាញទីផ្សារអន្តរជាតិដ៏ទូលំទូលាយ។ រីឯកម្ពុជាវិញ ក៏កំពុងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន មានកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកាន់តែខ្ពស់ សក្តានុពលថាមពលស្អាត ទីតាំងយុទ្ធសាស្ត្រ និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។

សម្តេចបរវរធិបតីបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ប្រទេសយើងទាំងពីរក៏បានដាក់ចេញនូវមហិច្ឆតារួម ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ប៊ីលានដុល្លារអាមេរិក នាពេលខាងមុខ។ ផ្អែកលើទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្តានុពលរបស់ប្រទេសយើងទាំងពីរ ខ្ញុំជឿជាក់ថា គោលដៅនេះជាជំហានមួយដែលយើងអាចសម្រេចបាន ហើយសក្តានុពលរបស់យើង នឹងអាចពង្រីកបានច្រើនជាងនេះថែមទៀត។សម្រាប់កម្ពុជា មហិច្ឆតារបស់យើងមិនគួរវាស់ត្រឹមតម្លៃទំនិញដែលឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ។ អ្វីដែលកាន់តែសំខាន់ គឺគុណភាព និងកម្រិតនៃការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរ»។

សម្តេចបវរធិបតីមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវមហិច្ឆតាជំរុញពាណិជ្ជកម្មនេះ កត្តាគន្លឹះគឺការតភ្ជាប់ និងការសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន។ កម្ពុជា និងវៀតណាម កំពុងធ្វើការរួមគ្នាតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ និងពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម ទៅក្នុងកិច្ចព្រមព្រៀងស្តីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោក។

ទន្ទឹមនេះ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-វៀតណាម និងការបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នាំ២០២៧-២០២៨ ក៏ជាកិច្ចការសំខាន់ផងដែរ។ សម្តេចមានសុទិដ្ឋិនិយមខ្ពស់ថា គំនិតផ្តួចផ្តើមទាំងនេះនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មឱ្យឈានដល់កម្រិតថ្មីមួយទៀត និងសម្រេចបាននូវគោលដៅដែលបានកំណត់។

ជាមួយគ្នានេះសម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងកិច្ចការដ៏សំខាន់នេះ៕