FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញចក្ខុវិស័យប្រែក្លាយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ ពី «របៀងដឹកជញ្ជូន» ទៅជា «របៀងសេដ្ឋកិច្ច និងផលិតកម្ម» តភ្ជាប់រោងចក្រ និងសួនឧស្សាហកម្មនៃប្រទេសទាំងពីរ

09-10-2026 19:25

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យសេដ្ឋកិច្ចដ៏មុតស្រួច ដោយបានគូសបញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវរូបវន្តរវាងកម្ពុជា និងវៀតណាម គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ប៉ុន្តែគោលដៅចម្បងបន្ទាប់ គឺត្រូវប្រែក្លាយការតភ្ជាប់ផ្លូវល្បឿនលឿន «ភ្នំពេញ-បាវិត» ជាមួយ «ម៉ុកបៃ-ហូជីមិញ» ឱ្យវិវត្តពី «របៀងដឹកជញ្ជូន» ទៅជា «របៀងសេដ្ឋកិច្ច និងផលិតកម្ម» ពិតប្រាកដ។

ការថ្លែងគូសបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ។

ថ្លែងទៅកាន់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖

«ការតភ្ជាប់ផ្លូវរូបវន្ត គ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ។ អ្វីដែលយើងត្រូវធ្វើបន្ទាប់ គឺប្រែក្លាយការតភ្ជាប់ផ្លូវ ទៅជាការតភ្ជាប់ផលិតកម្ម។ ខ្ញុំចង់ឃើញការតភ្ជាប់ភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ វិវត្តពី របៀងដឹកជញ្ជូន ទៅជា របៀងសេដ្ឋកិច្ច និងផលិតកម្ម ដែលតភ្ជាប់រោងចក្រ, សួនឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, អ្នកផ្គត់ផ្គង់, ឡូជីស្ទីក និងទីផ្សារនៃប្រទេសយើងទាំងពីរ»។

សម្តេចធិបតីបានមានប្រសាសន៍បន្ថែមថា កម្ពុជា និងវៀតណាម បាននិងកំពុងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ ព្រមទាំងពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម ទៅក្នុងកិច្ចព្រមព្រៀងស្តីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោក សំដៅបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើឯកសារគន្លឹះចំនួនពីរ នាឱកាសនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើត «គណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-វៀតណាម» និង «ការបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០២៧-២០២៨» ដែលជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមផងដែរ។

សម្តេចមហាបវរធិបតី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា ការតភ្ជាប់របៀងសេដ្ឋកិច្ច និងយន្តការសម្របសម្រួលពាណិជ្ជកម្មថ្មីៗទាំងនេះ នឹងក្លាយជាកាតាលីកររុញច្រានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ឱ្យឈានដល់កម្រិតថ្មីមួយទៀត ព្រមទាំងជួយឱ្យប្រទេសទាំងពីរសម្រេចបាននូវមហិច្ឆតារួមក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ២០ ប៊ីលានដុល្លារអាមេរិក នាពេលខាងមុខដ៏ខ្លី៕