FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិកាធុរកិច្ចកម្ពុជា-វៀតណាម មិនត្រូវបញ្ចប់ត្រឹមការផ្លាស់ប្តូរយោបល់ និងនាមប័ណ្ណឡើយ គឺត្រូវប្រែក្លាយទៅជាគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ (Video inside)

09-10-2026 19:16

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ បានថ្លែងដាស់តឿន និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ថាមិនត្រូវឱ្យវេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ បញ្ចប់ទៅត្រឹមតែការផ្លាស់ប្តូរយោបល់ ឬការចែកនាមប័ណ្ណអាជីវកម្មនោះឡើយ ប៉ុន្តែត្រូវរួមគ្នាប្រែក្លាយការពិភាក្សាទាំងអស់ឱ្យទៅជាភាពជាដៃគូ កិច្ចព្រមព្រៀង និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។

ការថ្លែងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់រួមគ្នាជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

ថ្លែងទៅកាន់អង្គវេទិកាទាំងមូល សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖

«ខ្ញុំសង្ឃឹមថា វេទិកានាថ្ងៃនេះ នឹងមិនបញ្ចប់ត្រឹមការផ្លាស់ប្តូរយោបល់ និងនាមប័ណ្ណអាជីវកម្មនោះទេ។ ខ្ញុំចង់ឃើញការពិភាក្សា ប្រែក្លាយទៅជាដំណើរទស្សនកិច្ចសិក្សាដល់ទីតាំង, ភាពជាដៃគូ, កិច្ចព្រមព្រៀង, និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់»។

សម្តេចធិបតីបានលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បន្តស្វែងរកកាលានុវត្តភាពថ្មីៗ និងពង្រីកកិច្ចសហការពីការធ្វើពាណិជ្ជកម្មទិញ-លក់ទំនិញធម្មតា ឱ្យឈានទៅដល់ការបណ្តាក់ទុនវិនិយោគរួមគ្នា ការបង្កើតមូលដ្ឋានផលិតកម្ម ការកែច្នៃ និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់ឱ្យបានកាន់តែច្រើន ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់ និងភាពប្រកួតប្រជែងសម្រាប់សេដ្ឋកិច្ចប្រទេសទាំងពីរ។

ទន្ទឹមនឹងការជំរុញឱ្យវិស័យឯកជនចាប់យកឱកាសធុរកិច្ច សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវការធានាយ៉ាងរឹងមាំចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាបន្តផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការវិនិយោគ រួមមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងការកែលម្អបរិយាកាសធុរកិច្ចជាប្រចាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងច្បាស់ថា៖ «រាជរដ្ឋាភិបាលនឹងធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាលនៃការវិនិយោគ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ បន្តស្តាប់ បន្តកែទម្រង់ បន្តសម្របសម្រួល និងបន្តដោះស្រាយបញ្ហាប្រឈម ដើម្បីឱ្យវិនិយោគិននៅកម្ពុជា អាចចាប់ផ្តើមអាជីវកម្ម ពង្រីកប្រតិបត្តិការ និងបន្តវិនិយោគជាមួយយើងខ្ញុំក្នុងរយៈពេលវែង»។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគរបស់វៀតណាមសរុបចំនួន ១០៧ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣,៦ ប៊ីលានដុល្លារអាមេរិក ដែលនេះជាសក្ខីភាពបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់វិនិយោគិនវៀតណាមក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាង ៣ ទសវត្សរ៍កន្លងមកនេះ៕