FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើក «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ

09-10-2026 19:02

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម» (Cambodia-Vietnam Business Forum) នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

វេទិកាធុរកិច្ចកម្ពុជា-វៀតណាម គឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ។

វេទិកាធុរកិច្ចកម្រិតខ្ពស់នេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នសេដ្ឋកិច្ចពាក់ព័ន្ធ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងតំណាងធុរជន វិនិយោគិនឈានមុខរាប់រយនាក់មកពីប្រទេសកម្ពុជា និងវៀតណាម ដើម្បីស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងពង្រីកបណ្តាញវិនិយោគរួមគ្នារវាង វិស័យឯកជននៃប្រទេសទាំងពីរ។ វេទិកានេះ ក៏ជាឱកាសដ៏សំខាន់សម្រាប់ធុរជនកម្ពុជា និងវៀតណាម ជួបពិភាក្សាផ្គូផ្គងដៃគូពាណិជ្ជកម្មដោយផ្ទាល់ (B2B) លើវិស័យសក្តានុពលជាច្រើនផងដែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ព្រមទាំងធុរជន និងវិនិយោគិនវៀតណាមទាំងអស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា វត្តមានដ៏ច្រើនកុះកររបស់ធុរជនកម្ពុជា និងវៀតណាមនាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងចំណាប់អារម្មណ៍របស់វិស័យឯកជន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចរវាងប្រទេសយើងទាំងពីរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា វេទិកានាថ្ងៃនេះប្រព្រឹត្តទៅក្នុងពេលដែលស្ថានភាពតំបន់ និងសកលមានការប្រែប្រួលយ៉ាងឆាប់ និងស្មុគស្មាញ ដែលការណ៍នេះកំពុងជំរុញឱ្យមានការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរនិន្នាការនៃការសម្រេចចិត្តក្នុងការវិនិយោគ។ ក្នុងបរិការណ៍នេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កម្ពុជា និងវៀតណាមបន្តជ្រើសរើសយកការតភ្ជាប់កិច្ចសហប្រតិបត្តិការ និងការបំពេញឱ្យគ្នាទៅវិញទៅមក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ មិនត្រឹមតែបន្តរក្សាបាននូវភាពរឹងមាំ និងស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងមានសន្ទុះកាន់តែខ្លាំង ទាំងក្នុងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងឆ្នាំ២០២៦ នេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរទទួលបានសន្ទុះថ្មីមួយទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ជាបន្តបន្ទាប់នៃប្រទេសយើងទាំងពីរ។ ការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ដ៏ញឹកញាប់នេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តនយោបាយដ៏រឹងមាំ និងឆន្ទៈរួមរបស់យើង ក្នុងការបន្តពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ក៏បានបន្តរីកចម្រើនគួរឱ្យកត់សម្គាល់។ ចំពោះផ្នែកពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ៧,៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ និង ៦,៦ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៦។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសយើងទាំងពីរក៏បានដាក់ចេញនូវមហិច្ឆតារួម ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ប៊ីលានដុល្លារអាមេរិក នាពេលខាងមុខ។ ផ្អែកលើទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្តានុពលរបស់ប្រទេសយើងទាំងពីរ ខ្ញុំជឿជាក់ថា គោលដៅនេះជាជំហានមួយដែលយើងអាចសម្រេចបាន ហើយសក្តានុពលរបស់យើង នឹងអាចពង្រីកបានច្រើនជាងនេះថែមទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្រាប់កម្ពុជា មហិច្ឆតារបស់យើងមិនគួរវាស់ត្រឹមតម្លៃទំនិញដែលឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ។ អ្វីដែលកាន់តែសំខាន់ គឺគុណភាព និងកម្រិតនៃការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា របាយការណ៍របស់ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគវៀតណាមសរុបចំនួន ១០៧ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣,៦ ប៊ីលានដុល្លារអាមេរិក។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវត្តមាន និងការរួមចំណែករបស់វិនិយោគិនវៀតណាម ក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា អស់រយៈពេលជាង ៣ ទសវត្សរ៍កន្លងមកនេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជា និងវៀតណាមមានឧត្តមភាព និងសក្តានុពលដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ វៀតណាមមានមូលដ្ឋានកម្មន្តសាលដែលរីកចម្រើន, ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពស៊ីជម្រៅ, បច្ចេកវិទ្យា, ជំនាញ និងបណ្តាញទីផ្សារអន្តរជាតិដ៏ទូលំទូលាយ។ កម្ពុជាក៏កំពុងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន, កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកាន់តែខ្ពស់, សក្តានុពលថាមពលស្អាត, ទីតាំងយុទ្ធសាស្ត្រ, និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។ សម្តេចសង្ឃឹមថានឹងមានផលិតផលកាន់តែច្រើន ដែលមានខ្សែច្រវាក់ផលិតកម្មឆ្លងកាត់ប្រទេសយើងទាំងពីរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជា និងវៀតណាម បាននិងកំពុងធ្វើការរួមគ្នាតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ, និងពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម ទៅក្នុងកិច្ចព្រមព្រៀងស្តីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សូមស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតគណៈកម្មាធិការពាណិជ្ជកម្ម ចម្រុះកម្ពុជា-វៀតណាម និង ការបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម សម្រាប់ ឆ្នាំ២០២៧-២០២៨។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងកិច្ចការដ៏សំខាន់នេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការតភ្ជាប់ផ្លូវរូបវន្ត គ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ។ អ្វីដែលយើងត្រូវធ្វើបន្ទាប់ គឺប្រែក្លាយការតភ្ជាប់ផ្លូវ ទៅជាការតភ្ជាប់ផលិតកម្ម។ សម្តេចចង់ឃើញការតភ្ជាប់ភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ វិវត្តពី របៀងដឹកជញ្ជូន ទៅជា របៀងសេដ្ឋកិច្ច និងផលិតកម្ម ដែលតភ្ជាប់រោងចក្រ, សួនឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, អ្នកផ្គត់ផ្គង់, ឡូជីស្ទីក និងទីផ្សារនៃប្រទេសយើងទាំងពីរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការតភ្ជាប់កាន់តែប្រសើររវាងប្រទេសយើងទាំងពីរ មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែរំកិលអាចជំរុញការធ្វើដំណើរ និងវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមប្រមាណជាង ១ លាននាក់ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។ ទន្ទឹមគ្នានេះ ប្រជាជនកម្ពុជាកាន់តែច្រើនក៏កំពុងជ្រើសរើស វៀតណាមជាគោលដៅសម្រាប់ទេសចរណ៍ និងសេវាសុខភាព ផងដែរ។ ក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរកម្ពុជាទៅវៀតណាមបានកើនឡើងប្រមាណ ៤៥% បើធៀបនឹងឆ្នាំ២០២៤។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទេសចរណ៍រវាងកម្ពុជា និងវៀតណាមមានមូលដ្ឋានរឹងមាំរួចទៅហើយ ប៉ុន្តែសម្តេចយល់ថា យើងអាចធ្វើបានច្រើនជាងនេះ។ ជំហានបន្ទាប់ គឺត្រូវប្រែក្លាយរំហូរទេសចរណ៍ដែលមានស្រាប់ ទៅជាកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅ។ សូមលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន និងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនទេសចរណ៍, សណ្ឋាគារ, និងអ្នកផ្តល់សេវាពាក់ព័ន្ធ ឱ្យបង្កើនការផ្សព្វផ្សាយរួមគ្នា និងអភិវឌ្ឍផលិតផល និងកញ្ចប់ទេសចរណ៍រួម កម្ពុជា-វៀតណាម ដែលភ្ជាប់គោលដៅទេសចរណ៍ធម្មជាតិ, វប្បធម៌ និងបេតិកភណ្ឌ, ទេសចរណ៍ទីក្រុង, ទេសចរណ៍ឆ្នេរ, ព្រមទាំងទេសចរណ៍សុខភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា លើសពីការជំរុញការធ្វើដំណើររវាងប្រជាជននៃប្រទេសយើងទាំងពីរ យើងក៏គួរមើល កម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់ទាក់ទាញភ្ញៀវ ពីទីផ្សារទីបី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជា និងវៀតណាមមានមូលដ្ឋានដ៏រឹងមាំ សម្រាប់បន្តពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។ យើងមានព្រំដែនជាប់គ្នា និងវិស័យជាច្រើនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ យើងត្រូវបន្តពង្រឹងការតភ្ជាប់, សម្រួលការវិនិយោគ, ធុរកិច្ច និងពាណិជ្ជកម្ម និងបង្កើតលក្ខខណ្ឌកាន់តែ អំណោយផល ដើម្បីឱ្យវិស័យឯកជននៃប្រទេសទាំងពីរ អាចធ្វើការជាមួយគ្នាបានកាន់តែងាយស្រួល និងបង្កើតតម្លៃបន្ថែមកាន់តែច្រើន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បន្តស្វែងរកកាលានុវត្តភាពថ្មីៗ និងពង្រីកកិច្ចសហការពីការធ្វើពាណិជ្ជកម្ម ទៅកាន់ការវិនិយោគ, ការផលិត, ការកែច្នៃ, និងការភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យបានកាន់តែច្រើន។ ខ្ញុំសង្ឃឹមថា វេទិកានាថ្ងៃនេះ នឹងមិនបញ្ចប់ត្រឹមការផ្លាស់ប្តូរ យោបល់ និងនាមប័ណ្ណអាជីវកម្មនោះទេ។ សម្តេចចង់ឃើញការពិភាក្សា ប្រែក្លាយទៅជាដំណើរទស្សនកិច្ចសិក្សាដល់ទីតាំង, ភាពជាដៃគូ, កិច្ចព្រមព្រៀង, និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់៕