FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការទី១០ ព្រឹទ្ធសភា នាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង

09-10-2026 17:57

(ព្រៃវែង)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភានៃកម្ពុជា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង ដែលអញ្ជើញទទួលដោយលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំវិញខេត្ត ស្ថិតនៅសាលាខេត្តព្រៃវែង។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងអស់។

លោកប្រធានគណៈកម្មការទី១០ បានគូសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលប្រគល់ជូនដល់រដ្ឋបាលខេត្តព្រៃវែងនាពេលនេះ គឺមានឱសថចម្រុះសរុបចំនួន៤៥មុខ ក្នុងទំហំទឹកប្រាក់សរុបចំនួន ១,៤៥៨,២៩១ដុល្លារអាម៉េរិក ដើម្បីរួមចំណែកជម្រុញការអភិវឌ្ឍក្នុងវិស័យសុខាភិបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោក ម៉ម ប៊ុននាង បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភានៃកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានកំណត់យកអាទិភាពការងារចំនួនពីរ សម្រាប់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភាទី១ គឺការចុះជាប់ជាមួយអាជ្ញាធរ និងប្រជាជន និងទី២ ប្រើប្រាស់យន្តការការទូតសភាយ៉ាងសកម្ម។ ផ្តើមចេញពីអាទិភាពការងារទាំងពីរនេះ គណៈកម្មការទី១០ បានសហការយ៉ាងចិត្តស្និទជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដើម្បីកៀរគរជំនួយមនុស្សធម៌សម្រាប់ចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្រីក្រ ជនងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។

ចាប់ពីឆ្នាំ២០២២ មកដល់ឆ្នាំ២០២៦នេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដែលរួមមាន ឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន២៤លើក រួចមកហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣៦,១០៨,០៦៥.៨៤ដុល្លារអាម៉េរិក។ ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់គ្រង និងបែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាពនិងចំគោលដៅ។

តាងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង លោក សួន សុម៉ាលីន បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ព្រមទាំងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។

លោកអភិបាលខេត្ត បានប្តេជ្ញាចិត្តក្នុងការគ្រប់គ្រង និងបែងចែកអំណោយឱ្យដល់ដៃអាជ្ញាធរ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្ន។ អំណោយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នាពេលនេះ គឺពិតជាមានសារៈសំខាន់ហើយត្រូវនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានខេតត្តព្រៃវែង៕