FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមចំពោះ នាយករដ្ឋមន្ត្រីវៀតណាម ដែលបំពេញទស្សនកិច្ចនៅកម្ពុជា

09-10-2026 17:48

(ភ្នំពេញ)៖ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជំនួបសម្តែងការគួរសមដ៏មានអត្ថន័យនេះ បានធ្វើឡើងជាបន្តបន្ទាប់ បន្ទាប់ពី នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ចប់កិច្ចប្រជុំទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

សូមបញ្ជាក់ថា លោក ឡេ មិញ ហ៉ឺង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក ឡេ មិញ ហ៊ឹង នឹង​ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់ពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី៕