កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំលើកទី២ ក្រោមការសម្របសម្រួលរបស់ គណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ២០២៦
09-10-2026 17:27
(ភ្នំពេញ)៖ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានប្រកាសថា គណៈកម្មការផ្សះផ្សា (Conciliation Commission) ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០៩ ខែតុលា។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាជំហានដ៏សំខាន់មួយទៀតនៅក្នុងដំណើរការដោយសន្តិវិធី ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្ររវាងប្រទេសទាំងពីរ។ ផ្អែកលើមូលដ្ឋាននៃការពិភាក្សាប្រកបដោយលក្ខណៈស្ថាបនានៅក្នុងកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរី កិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ នឹងផ្តល់ឱកាសដល់ភាគីទាំងពីរស្វែងរកមធ្យោបាយសម្រេចឱ្យបាននូវវឌ្ឍនភាពបន្ថែមទៀត និងស្វែងរកចំណុចឯកភាពគ្នា ពាក់ព័ន្ធនឹងការកំណត់ខណ្ឌសីមាព្រំដែនសមុទ្រ។
សម្រាប់ដំណើរការនៃកិច្ចប្រជុំដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារ (Agent) របស់រាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង (Deputy Agent) នឹងដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់កម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មការផ្សះផ្សាដោយផ្ទាល់នៅទីក្រុងឡាអេ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស៖




