FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពត ជំរុញអតីតមន្ត្រីរាជការចូលនិវត្តន៍ បន្តរួមចំណែកថែរក្សាសន្តិភាព និងចែករំលែកបទពិសោធន៍

09-10-2026 17:02

(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានលើកទឹកចិត្តយ៉ាងទទូចដល់សមាជិកាជាអតីតមន្ត្រីរាជការចូលនិវត្តន៍ ឱ្យបន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងចែករំលែកបទពិសោធន៍ល្អៗដល់នារីជំនាន់ក្រោយ។

ការលើកឡើងបែបនេះរបស់លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បានធ្វើឡើងក្នុងឱកាសពិធីជួបសំណេះសំណាលជាមួយសមាជិកាសាខាសមាគមនារីកម្ពុជា ដែលជាអតីតមន្ត្រីរាជការចូលនិវត្តន៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ ខេត្តកំពត។

លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បានគូសបញ្ជាក់ថា ការជួបជុំនេះ គឺជាការបង្ហាញនូវការនឹករលឹក ការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិកាទាំងអស់ ដែលបានលះបង់ពេលវេលាពេញមួយជីវិតបម្រើជាតិ និងប្រជាជននៅមូលដ្ឋាន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គម សេដ្ឋកិច្ច និងថែរក្សាសន្តិភាព ស្ថិរភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្ត និងសុភមង្គល។ បទពិសោធន៍ ការលះបង់ និងស្នាដៃរបស់អតីតមន្ត្រីរាជការទាំងនេះ គឺជាគំរូដ៏មានតម្លៃសម្រាប់នារីជំនាន់ក្រោយ ក្នុងការរៀនសូត្រ និងបន្តចូលរួមបម្រើសង្គមជាតិ។

ទន្ទឹមនឹងនេះ លោកស្រីក៏បានស្នើឱ្យសមាជិកាដែលមានបញ្ហាសុខភាព ឬជីវភាពរស់នៅ ជូនដំណឹងដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីអាចពិនិត្យលទ្ធភាពចូលរួមជួយឧបត្ថម្ភ និងចែករំលែកការលំបាកបានទាន់ពេលវេលា។

លោកស្រីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារ7និវត្តន៍ជន និងអតីតយុទ្ធជនជានិច្ច។ ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ក៏បាននាំយកអំណោយ និងថវិកាមួយចំនួន ចែកជូនដល់សមាជិកាសមាគមន៍ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងរួមចំណែកសម្រាលបន្ទុកជីវភាព៕