FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកតាំងគោក និងសប្បុរសជន អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋជាង ៣,២០០គ្រួសារ នៅឃុំពង្រ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

09-10-2026 16:52

​(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសប្បុរសជនលោក អ៊ុង ភារម្យ និងអ្នកស្រី ឃឿន ធួន នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញ ចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន ៣,២៥០គ្រួសារ ដែលរស់នៅក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

​នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំខេត្ត រួមទាំងលោកអភិបាលខេត្តកំពង់ធំ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

​ទន្ទឹមនឹងនេះលោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ុង ភារុណ និងអ្នកស្រី ឃឿន ធួន ដែលជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលស្រុកតាំងគោក ក្នុងការឧបត្ថម្ភគាំទ្រសម្ភារ: និងអំណោយមនុស្សធម៌នានា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គម និងជួយសម្រួលទុក្ខធុរៈប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទាន់ពេលវេលា។

​ជាមួយគ្នានេះលោក ហាក់ ម៉ុងហួត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរឃុំពង្រ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្ម រហូតទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង «ភូមិ-ឃុំ មានសុវត្ថិភាព» លើលក្ខណៈសម្បត្តិទី៦ (អនាម័យ សោភ័ណភាព និងបរិស្ថានល្អ) ប្រចាំឆ្នាំ២០២៦។ សមិទ្ធផលដ៏ថ្លៃថ្លានេះបានស្តែងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាអនាម័យតាមដងផ្លូវ ការរៀបចំសោភ័ណភាព បរិស្ថានស្អាត បៃតង និងការរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីលើកកម្ពស់គុណភាពជីវិត និងការរស់នៅស្អាតក្នុងសហគមន៍។

​ជាចុងក្រោយលោកអភិបាលស្រុក ក៏បានធ្វើការក្រើនរំលឹក និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃជំងឺគ្រុនឈាម ដោយត្រូវរួមគ្នាធ្វើអនាម័យជុំវិញភូមិដ្ឋាន លុបបំបាត់ជម្រកមូសខ្លា និងថែរក្សាសុខភាពផ្ទាល់ខ្លួន និងគ្រួសារឲ្យបានល្អប្រសើរជាប្រចាំ៕