នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា
09-10-2026 16:48
(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំទ្វេភាគីជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅវិមានសន្តិភាពរួចមក នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
ជំនួបសម្តែងការគួរសមនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃរបៀបវារៈក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលវៀតណាមនៅកម្ពុជា ដើម្បីបន្តរឹតចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធ។
នៅក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី និងលោក ឡេ មិញហ៉ឹង ត្រូវបានរំពឹងថា នឹងផ្លាស់ប្តូរទស្សនៈគ្នាលើការជំរុញទំនាក់ទំនងសភាកម្ពុជា-វៀតណាម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូគ្រប់កម្រិត ការចែករំលែកបទពិសោធន៍លើការងារនីតិកម្ម និងការតាមដានការអនុវត្តច្បាប់ ព្រមទាំងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិជាដើម។
សូមបញ្ជាក់ថា លោក ឡេ មិញ ហ៉ឺង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕








