កម្លាំងចម្រុះខេត្តរតនគិរី ចុះបង្ក្រាបបទល្មើសរ៉ែខុសច្បាប់ នៅកណ្តាលទន្លេសេសាន
09-10-2026 16:45
(រតនគិរី)៖ លោក វ៉ាន់ សោភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះខេត្ត សហការជាមួយសមត្ថកិច្ចមូលដ្ឋានស្រុកអណ្តូងមាស ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (រ៉ែ) អនាធិបតេយ្យនៅកណ្តាលទន្លេសេសាន ទីរួមស្រុកអណ្តូងមាស ក្បែរស្ពានសម្តេចតេជោ ហ៊ុន សែន។
ប្រតិបត្តិការនេះបានប្រើប្រាស់មធ្យោបាយរថយន្តចំនួន៤គ្រឿង ម៉ូតូចំនួន៥គ្រឿង កាណូត៣គ្រឿង គោយន្ត១គ្រឿង និងកម្លាំងចម្រុះ៣១នាក់ ប្រដាប់ដោយអាវុធច្រើនដើម បានចុះបេសកកម្មបង្ក្រាបបទល្មើសរ៉ែអនាធិបតេយ្យ នៅកណ្តាលទន្លេសេសាន។
ជាលទ្ធផលកម្លាំងចម្រុះ មិនបានជួបប្រទះការប្រព្រឹត្តបទល្មើសជាក់ស្តែងទេ។
១-ក្រុមការងារបានប្រទះឃើញភស្តុតាង (ក្បូន និងសម្ភារគាំទ្របទល្មើស) ចំនួន៧ក្បូន ហើយវត្ថុតាងទាំងអស់ត្រូវបានរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស។
២-ម្ចាស់ក្បូនចំនួន៣នាក់ បានមកសារភាព និងយល់ព្រមធ្វើកិច្ចសន្យាជាចុងក្រោយបញ្ឈប់ការប្រព្រឹត្តបទល្មើសតទៅទៀត។
៣-មន្ទីររ៉ែ និងថាមពលខេត្តរតនគិរី បានធ្វើការផ្សព្វផ្សាយច្បាប់ និងជម្រាបអំពីទោសទណ្ឌជាប់ពន្ធនាគារ និងការផាកពិន័យជាប្រាក់ក្នុងករណីមិនរាងចាលផងដែរ។ ប្រតិបត្តិការខាងលើនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តក្នុងការការពារធនធានធម្មជាតិ និងអនុវត្តច្បាប់ប្រកបដោយតម្លាភាព៕












