អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវប្រគល់ជូននិវត្តជន ៥២នាក់ នៅស្រុកអណ្តូងមាស ខេត្តរតនគិរី
09-10-2026 16:43
(រតនគិរី)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏នក្ខត្តឫក្ស នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកអណ្តូងមាស ខេត្តរតនគិរី បានរៀបចំនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅចែកជូនដល់បងប្អូននិវត្តជនចំនួន ៥២នាក់ (ស្រី ៩នាក់)។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឧត្តមសេនីយ៍ឯក ខាំ ស៊ុក អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកអណ្តូងមាស។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ខាំ ស៊ុក បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូននិវត្តជនទាំងអស់ ព្រមទាំងបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ដ៏ធំធេងរបស់ពួកគាត់ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ខាំ ស៊ុក ក៏បានផ្តាំផ្ញើដល់បងប្អូននិវត្តជនទាំងអស់ ឲ្យបន្តខិតខំបង្កបង្កើនផលដូចជា ដាំបន្លែ ចិញ្ចឹមសត្វ រស់នៅស្អាត ហូបស្អាត រក្សាអនាម័យ ដើម្បីមានសុខភាពល្អ និងបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចែកជូននិវត្តជនម្នាក់ៗនាពេលនេះ រួមមាន អង្ករ ទឹកត្រី និងថវិកាមួយចំនួន។ កាយវិការនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិ៕









