FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ ដឹកនាំម​ន្ត្រីរាជការចុះសួរសុខទុក្ខ និងនាំអំណោយជូនវីរកងទ័ព នៅឈរជើងការពារសមរភូមិមុខ ទិសព្រះវិហារ

09-10-2026 16:33

(កំពង់ធំ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលខេត្ត និងលោកស្រី រួមជាមួយប្រធានមន្ទីរជុំវិញខេត្ត នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ ក្នុងខេត្តព្រះវិហារ។

ពិធីនេះធ្វើឡើងនៅវត្តឈើទាលគង ឃុំឈើទាលគង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខ។

នៅក្នុងពិធីសំណេះសំណាលនោះ លោក នួន ផារ័ត្ន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា សម្តេចបវរធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់កម្លាំងកាយចិត្តការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

លោកបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងគំរូវីរភាពដ៏ស្មោះត្រង់របស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាព។

តំណាងនាយទាហាន និងពលទាហានទាំងអស់ លោកវរសេនីយ៍ឯក សោម សុភាវុធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តកំពង់ធំ ដែលបានចុះជួបសំណេះសំណាលដោយផ្ទាល់ និងនាំយកអំណោយមកផ្តល់ជូន។

អំណោយទាំងនេះទទួលបានការចូលរួមឧបត្ថម្ភពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងសប្បុរសជននានា ក្នុងខេត្តកំពង់ធំ។ ការយកចិត្តទុកដាក់នេះបង្ហាញពីការដឹងគុណចំពោះវីរភាពរបស់កងទ័ពជួរមុខ ដែលបានខិតខំប្តូរផ្តាច់ការពារជាតិមាតុភូមិ៕