ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ណែនាំសមាជិកបក្សចុះជួបពលរដ្ឋដល់មូលដ្ឋាន និងផ្សព្វផ្សាយឲ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
09-10-2026 16:31
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជំរុញដល់សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវតែសហការគ្នាឲ្យបានល្អប្រសើរ និងបន្តចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្កើនភាពជឿជាក់ ស្និទ្ធស្នាល ព្រមទាំងផ្តល់ទំនុកចិត្តខ្ពស់ និងភាពរឹងមាំរបស់សមាជិក សមាជិកាគណបក្ស។
ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសមាជិក សមាជិកាគណបក្សឃុំក្តីដូង ស្រុកកំពង់ស្វាយ នៅទីស្នាក់ការគណបក្សឃុំ កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៦។
លោកស្រី ឃួន ឃុនឌី បានសង្កត់ធ្ងន់ថា ក្រុមការងារទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាដែលកើតឡើងក្នុងមូលដ្ឋាន ទោះបីជាបញ្ហានោះមានលក្ខណៈតិចតួចក្តី ដើម្បីជៀសវាងការបង្កផលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋ និងការពារគណបក្សពីការវាយប្រហាររបស់បក្សប្រឆាំង។
លោកស្រីក៏បានបន្តថា គណបក្សត្រូវតែក្តាប់ឲ្យបាននូវក្រុមយុវជនគ្រប់អាយុបោះឆ្នោតក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគាត់បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះយុវជនគឺជាកម្លាំងស្នូល និងកម្លាំងដ៏រឹងមាំដែលមិនអាចខ្វះបាន។
ជាមួយគ្នានេះ លោកស្រីក៏បានជំរុញឲ្យក្រុមការងារគណបក្សទាំងអស់ ទាំងថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ ធ្វើសកម្មភាពចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីសម្រួលសតិអារម្មណ៍ ផ្តល់ភាពកក់ក្តៅ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ជាពិសេស លោកស្រី ឃួន ឃុនឌី បានជំរុញឲ្យសមាជិក សមាជិកាទាំងអស់ ចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីធានាថាឈ្មោះរបស់ពួកគាត់មានក្នុងបញ្ជី និងត្រឹមត្រូវតាមលក្ខខណ្ឌរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕












