ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងអំពាវនាវដល់សាធារណជន ប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ផ្សេងៗ
09-10-2026 16:31
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីស្ថានភាពធាតុអាកាសក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដោយអំពាវនាវដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។
យោងតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ព្យុះទី២៨ ឈ្មោះ ណូឡូ (Nolo) T2628 និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) T2629 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណា ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ មានពពកច្រើន និងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំណែករលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងមធ្យមអតិបរមា ១,៧៥ម៉ែត្រ។
ក្រសួងបានបន្ថែមថា ស្ថានភាពអាកាសធាតុដូចខាងលើ អាចបង្កជាផលប៉ះពាល់ដល់ការធ្វើដំណើរ ការជួបជុំនៅតាមទីវត្តអារាម និងសកម្មភាពផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

