ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យពង្រឹងកិច្ចសហការប្រមូលព័ត៌មានតម្រូវការពលរដ្ឋសម្រាប់គម្រោងវិនិយោគ
09-10-2026 16:29
(សៀមរាប)៖ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានជំរុញដល់មន្ទីរ អង្គភាពទូទាំងខេត្ត ត្រូវពង្រឹងកិច្ចសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលព័ត៌មាន ទិន្នន័យ ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំគម្រោងវិនិយោគ។
លោកបានបន្តថា ការរៀបចំផែនការ និងកម្មវិធីវិនិយោគ ត្រូវមានការគិតគូរដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ត្រី កុមារ ជនមានពិការភាព និងមនុស្សចាស់ ព្រមទាំងប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីធានាថាផលប្រយោជន៍នៃការអភិវឌ្ឍ ត្រូវបានចែករំលែកប្រកបដោយសមធម៌ និងមិនទុកនរណាម្នាក់ចោលឡើយ។
ការជំរុញបែបនេះរបស់លោក សុខ ថុល បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងកម្មវិធីវិនិយោគ សំដៅធានាឱ្យការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
លោក សុខ ថុល បានថ្លែងថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ និងការរៀបចំគម្រោងអាទិភាពរបស់រដ្ឋបាលខេត្ត ស្របតាមផែនការអភិវឌ្ឍន៍របស់ខេត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីតម្រូវការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។ កម្មវិធីនេះ ក៏ជាមូលដ្ឋានសម្រាប់ការកៀរគរធនធាន ការសម្របសម្រួលការវិនិយោគ និងការអនុវត្តគម្រោងអភិវឌ្ឍន៍ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល មិនមែនគ្រាន់តែជាការប្រមូលផ្តុំគម្រោងពីបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើការវិភាគ និងវាយតម្លៃឱ្យបានហ្មត់ចត់អំពីភាពចាំបាច់ ភាពអាទិភាព លទ្ធភាពអនុវត្ត និងផលប្រយោជន៍ដែលប្រជាពលរដ្ឋនឹងទទួលបានពីគម្រោងនីមួយៗ។ ជាពិសេស ត្រូវធានាថាគម្រោងដែលបានដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ ពិតជាឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងតម្រូវការអភិវឌ្ឍន៍របស់ខេត្ត។
លោក សុខ ថុល ក៏បានណែនាំដល់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញនូវគម្រោងវិនិយោគ ត្រូវផ្តោតសំខាន់លើការកំណត់អាទិភាពឱ្យបានត្រឹមត្រូវ ចៀសវាងការដាក់បញ្ចូលគម្រោងដែលមានលក្ខណៈត្រួតស៊ីគ្នា ឬមិនស្របទៅនឹងតម្រូវការជាក់ស្តែង។ ទន្ទឹមនឹងនេះ ត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពីប្រភពថវិកា ទំហំចំណាយរយៈពេលអនុវត្ត និងលទ្ធភាពកៀរគរធនធាន ដើម្បីធានាថាគម្រោង ដែលបានគ្រោងទុកអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
លោកអភិបាលរងខេត្ត បានជំរុញឱ្យមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសទាំងអស់ ត្រូវបង្កើនស្មារតីទទួលខុសត្រូវ និងចូលរួមផ្តល់មតិយោបល់ឱ្យបានផុលផុស ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីកែលម្អសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាពជាក់ស្តែង និងអាចយកទៅអនុវត្តបាន។
លោកបន្ថែមថា ភាពជោគជ័យនៃការអភិវឌ្ឍខេត្ត មិនអាស្រ័យតែលើការរៀបចំផែនការបានល្អប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើការចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ កិច្ចសហការល្អ និងការប្រើប្រាស់ធនធានឱ្យចំគោលដៅ។
ជាមួយនេះដែរ លោក សុខ ថុល បញ្ជាក់ថា មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រឹងការសម្របសម្រួល និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាថា កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងការជំរុញការអភិវឌ្ឍខេត្ត ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕







