រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងភរិយា ចែកអំណោយជូនមន្ត្រីរាជការ និងនិវត្តជនក្រសួងព័ត៌មាន ប្រមាណ៣០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
09-10-2026 15:43
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចែកអំណោយរបស់ក្រុមហ៊ុន យ៉ូស (Yeo’s) ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជនប្រមាណ ៣០០នាក់ ដែលមានជីវភាពខ្វះខាត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ពិធីចែកអំណោយនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន ដែលបានបម្រើការងារ និងចូលនិវត្តន៍ពីក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់នេះ។
អំណោយទាំងនេះត្រូវបាននាំយកមកប្រគល់ជូនដោយលោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន យ៉ូស ដែលរួមមានកញ្ចប់ផលិតផល និងភេសជ្ជៈចម្រុះជាច្រើនមុខរបស់ក្រុមហ៊ុន។
ការចែកអំណោយនេះ បានបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក៏ដូចជាការរួមចំណែកពីវិស័យឯកជន ក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់មន្ត្រីរាជការ និងនិវត្តជន ជាពិសេសក្នុងឱកាសបុណ្យទានប្រពៃណីជាតិ។ នេះជាកាយវិការដ៏ល្អមួយដែលឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងសាមគ្គីភាពក្នុងសង្គម៕




































