ក្រសួងការងារ សម្របសម្រួលដោះស្រាយបញ្ចប់ករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ ដោយធានាការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករ និងស្រ្តីមានផ្ទៃពោះ
09-10-2026 14:09
(កណ្តាល)៖ ករណីសហគ្រាស គ្រីអេត ប្រ៊ីដ (SAHAKREAS CREATE BRIDGE) ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានប្រកាសបិទលែងដំណើរការ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអន្តរាគមន៍សម្របសម្រួលដោះស្រាយបញ្ចប់ដោយសន្តិវិធី ដោយភាគីសហគ្រាសបានឯកភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតសរុបជាង ២០០នាក់ រួមទាំងបងប្អូនស្ត្រីមានផ្ទៃពោះផងដែរ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណីត្រូវបានដោះស្រាយបញ្ចប់ដោយបងប្អូនកម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍ ស្របច្បាប់ចំនួន ៤ចំណុច រួមមាន៖ ប្រាក់ឈ្នួលដែលមិនទាន់បានបើក ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ៥% និងប្រាក់ឈ្នួលដែលកម្មករនិយោជិតត្រូវទទួលរហូតដល់ពេលចប់កិច្ចសន្យាការងារ។ ទន្ទឹមនឹងនេះ បងប្អូនស្ត្រីមានផ្ទៃពោះចាប់ពី៩ខែ ក៏ទទួលបានប្រាក់លំហែមាតុភាពចំនួន៥០%ពីក្រុមហ៊ុនផងដែរ។
លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «ក្រុមការងារក្រសួងបានដោះស្រាយយ៉ាងលឿន និងយកចិត្តទុកដាក់បំផុតជូនបងប្អូនកម្មករ ហើយមកទល់ពេលនេះ កម្មករនិយោជិតប្រមាណជិត៦០%បានទទួលប្រាក់ឈ្នួល និងអត្ថប្រយោជន៍របស់ខ្លួនតាមការសម្របសម្រួល ខណៈក្រុមហ៊ុននឹងបន្តអនុវត្តការទូទាត់ ជូនកម្មករនិយោជិតដែលនៅសេសសល់ឱ្យបានគ្រប់ចំនួនតាមការឯកភាព»។
ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏នឹងចាត់ក្រុមការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ចុះជួយសម្របសម្រួលស្វែងរកឱកាសការងារថ្មី ជូនបងប្អូនកម្មករនិយោជិតដែលរងផលប៉ះពាល់ ដើម្បីឱ្យពួកគេអាចបន្តមានការងារ និងប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ៕










