នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ (Video inside)
09-10-2026 13:13
(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានអញ្ជើញដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលជាចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងវៀតណាម។
ដំណើរអញ្ជើញដល់របស់លោកនាយករដ្ឋមន្ត្រីនៅព្រលានយន្តហោះអន្តរជាតិតេជោ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែន លោក ឈិន កេតនា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា។
ដំណើរទស្សនកិច្ចរបស់លោក ឡេ មិញ ហ៊ឹង នៅកម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចពីថ្ងៃទី៩ ដល់ទី១០ ខែតុលានេះ លោក ឡេ មិញ ហ៊ឹង នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅព្រះបរមរាជវាំង។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ក្រសួងការបរទេស បានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក ឡេ មិញ ហ៊ឹង នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់ពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី។
សូមបញ្ជាក់ថា លោក ឡេ មិញ ហ៊ឹង អាយុ ៥៦ឆ្នាំ ត្រូវបានសភាវៀតណាម បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្រាប់អាណត្តិ៥ឆ្នាំ ជំនួសតំណែងរបស់លោក ផាម មិញ ជិញ។
នាយករដ្ឋមន្ត្រីដែលបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីប្រទេសជប៉ុនរូបនេះ មុនពេលក្លាយជានាយករដ្ឋមន្ត្រី ធ្លាប់កាន់តំណែងជាទេសាភិបាលធនាគារកណ្តាលវៀតណាម ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ ដោយបានក្លាយជាទេសាភិបាលវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រធនាគារកណ្តាលនៅអាយុ ៤៦ឆ្នាំ។ នៅក្នុងខែមករា ឆ្នាំ២០២៦ លោក ក៏ត្រូវបានជ្រើសរើសជាសមាជិកការិយាល័យនយោបាយ ដែលជាស្ថាប័នកំពូលរបស់បក្សកុម្មុយនីស្តវៀតណាម។
ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែមេសា លោក ឡេ មិញ ហ៊ឹង ទើបនឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី៨ ខែតុលា ហើយបន្តដំណើរមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែតុលានេះ។ ដំណើទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាគោលនយោបាយពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងនយោបាយរវាងវៀតណាម ឡាវ និងកម្ពុជា ដែលជាប្រទេសភូមិផងរបងជាប់គ្នាឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់ទំនុកចិត្តរវាងគ្នាឱ្យកាន់តែខ្លាំងក្លា ដ្បិតប្រទេសទាំង៣ប្រៀបដូចមុំចង្ក្រានដែលតែងតែពូតដៃគ្នាជម្នះការលំបាក និងរំដោះខ្លួនចេញពីអាណានិគមបារាំងកាលពីអតីតកាល៕






















