FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងមន្រ្តីរាជការក្រសួងព័ត៌មាន រៀបចំអភិសេករូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គលព័ត៌មាន

09-10-2026 12:37

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញរៀបចំពិធីអភិសេករូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គលព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។

ពិធីនេះដោយមានការនិមន្តចូលរួមពីសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន។

ការរៀបចំពិធីអភិសេក និងតម្កល់រូបបដិមាទាំងពីរព្រះអង្គនេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មានចំពោះការថែរក្សា អភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ និងកេរដំណែលបុរាណខ្មែរ ព្រមទាំងបន្តផ្សព្វផ្សាយអត្តសញ្ញាណជាតិទៅកាន់សាធារណជនទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ វត្តមានរូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវីនៅក្នុងបរិវេណក្រសួងព័ត៌មាន ក៏ជាផ្នែកមួយនៃការរៀបចំសោភ័ណភាព និងលើកកម្ពស់បរិយាកាសវប្បធម៌នៅក្នុងស្ថាប័នរដ្ឋ ឱ្យកាន់តែមានភាពថ្លៃថ្នូរ និងស័ក្តិសម។ ទីតាំងនេះក៏អាចក្លាយជាកន្លែងសម្រាប់មន្ត្រីរាជការ ភ្ញៀវជាតិ និងអន្តរជាតិ ស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ សិល្បៈ និងកេរដំណែលវប្បធម៌ខ្មែរ។

ក្នុងនាមជាស្ថាប័នដែលមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ក្រសួងព័ត៌មានបានយកចិត្តទុកដាក់ចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិ ដើម្បីធានាថាកេរដំណែលដ៏មានតម្លៃរបស់ដូនតាត្រូវបានថែរក្សា និងបន្តទៅកាន់កូនចៅជំនាន់ក្រោយ។

គួររម្លឹកថា កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ លោក នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានរៀបចំពិធីអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅសួនច្បារជ័យមង្គល នៃទីស្តីការក្រសួងព័ត៌មាន។ ការរៀបចំពិធីនៅពេលនេះ គឺជាការបន្តបន្ថែមនូវសម្បត្តិវប្បធម៌ និងលើកកម្ពស់សោភ័ណភាពក្នុងបរិវេណក្រសួងព័ត៌មាន ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមអភិរក្ស និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរឱ្យបានទូលំទូលាយ៕