កម្ពុជា និងខេត្ត Gansu របស់ចិន ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ តភ្ជាប់ «រូងភ្នំ Mogao និងអង្គរវត្ត»
09-10-2026 12:33
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក PANG YONG នាយកប្រតិបត្តិនៃសមាគមពាណិជ្ជកម្មកម្ពុជា-ខេត្ត Gansu ប្រចាំកម្ពុជា និងសហការី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងខេត្ត Gansu នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ លោក ហួត ហាក់ បានស្វាគមន៍លោក PANG YONG និងសហការី ព្រមទាំងថ្លែងអំណរគុណចំពោះសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ខេត្ត Gansu ដែលបានចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងជំរុញឱ្យវិនិយោគិនមកពីខេត្ត Gansu មកសិក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងទេសចរណ៍ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្ត Gansu ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការវិនិយោគក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោកបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាអាទិភាពទីមួយរបស់កម្ពុជា និងជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតប លោក PANG YONG បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងខេត្ត Gansu ឱ្យកាន់តែសកម្ម និងមានលទ្ធផលជាក់ស្តែង។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរទៅវិញទៅមក និងពិនិត្យលទ្ធភាពបង្កើតខ្សែទស្សនកិច្ចទេសចរណ៍តភ្ជាប់ «រូងភ្នំ Mogao និងប្រាសាទអង្គរវត្ត» ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងសាសនាដ៏សំខាន់របស់ចិន និងកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ទាំងពីរ និងជំរុញការធ្វើដំណើររបស់ភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការផ្លាស់ប្តូរបទពិសោធន៍លើការអភិរក្សបេតិកភណ្ឌ វប្បធម៌ និងទេសចរណ៍សាសនា ព្រមទាំងលទ្ធភាពរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនង និងជំរុញកំណើនទេសចរណ៍រវាងកម្ពុជា និងខេត្ត Gansu៕









