លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំកូនប្រុសទៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសខួបកំណើតគម្រប់៩ឆ្នាំ ដើម្បីចែករំលែកក្តីស្រឡាញ់ដល់កុមារមានជំងឺ
09-10-2026 12:13
(ភ្នំពេញ)៖ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ ជាថ្ងៃខួបកំណើតគម្រប់ ៩ឆ្នាំ របស់កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ដែលជាកូនប្រុសសំណព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្នុងឱកាសដ៏ពិសេសនេះ លោកជំទាវបណ្ឌិត បានបំពេញបំណងប្រាថ្នារបស់កូនប្រុស ដោយបាននាំរូបគេទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមនុស្សធម៌ដ៏ល្បីល្បាញមួយនៅកម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍បញ្ជាក់ថា ការនាំកូនប្រុសមកកាន់មន្ទីរពេទ្យគន្ធបុប្ផានេះ គឺដោយសារកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ មានបំណងចង់ដឹងអំពីសុខទុក្ខរបស់កុមារា កុមារី ដែលកំពុងសម្រាកព្យាបាលនៅទីនោះ។ លើសពីនេះ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ក៏មានបំណងចង់ចែកជូនជាកាដូ និងនំចំណី ដល់អ្នកជំងឺតូចៗគ្រប់ៗរូបផងដែរ ដើម្បីជាការលើកទឹកចិត្ត និងចែករំលែកក្តីស្រឡាញ់។
សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់កុមារកម្ពុជា ជាពិសេសអ្នកដែលកំពុងជួបការលំបាកផ្នែកសុខភាព។
ក្នុងឱកាសដ៏ប្រពៃនេះ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ក៏បានបួងសួងដល់ទេវតាថែរក្សាទឹកដី សូមឱ្យកុមារា កុមារីទាំងអស់ឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អមាំមួនជានិច្ច។ ការចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់បែបនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារឈឺ និងក្រុមគ្រួសាររបស់ពួកគេ៕


















