ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បើកកិច្ចប្រជុំស្ដីពី ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង
09-10-2026 10:34
(ស្វាយរៀង)៖ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី «ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស» នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដោយមានការចូលរួមពី អនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ ទីប្រឹក្សាអមក្រសួងយុត្តិធម៌ និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អនុប្រធានតំណាងប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងអនុប្រធាន ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការ ក្រឡាបញ្ជី និងមន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ព្រមទាំង តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងលោក លោកស្រី ជាមន្រ្តីនគរបាលយុត្តិធម៌ នៃមន្ទីរជំនាញជុំវិញខេត្តស្វាយរៀង សរុបចំនួន ១១៤នាក់។
ក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានលើកឡើងថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីយុត្តិធម៌សង្គម តាមរយៈការអនុវត្តច្បាប់ដោយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងផ្ដល់យុត្តិធម៌ឱ្យជនល្មើស។ ការផ្ដល់យុត្តិធម៌ឱ្យជនល្មើសនៅទីនេះ គឺការសម្រេចផ្ដន្ទាទោសជនល្មើសឱ្យបានត្រឹមត្រូវតាមអំពើល្មើស។ ជាមួយគ្នានេះដែរ អគ្គព្រះរាជអាជ្ញា បានណែនាំមន្ត្រីនគរយុត្តិធម៌ទាំងអស់ឱ្យយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើកំណត់ហេតុរបស់ខ្លួន ព្រោះកំណត់ហេតុរបស់មន្រ្តីនគរបាលយុត្តិធម៌ជាឯកសារដែលស្ថាប័នអយ្យការ និងតុលាការជឿជាក់ដំបូងគេ ដែលនាំឱ្យឈានដល់ការសម្រេចសេចក្ដីចុងក្រោយ។
លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានលើកឡើងថា ផ្អែកតាមរបាយការណ៍លទ្ធផលការងាររបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សូមកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលបានអនុវត្តការងារសម្រេចលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ហើយសមិទ្ធិផលទាំងនេះ កើតចេញមកពីកម្លាំងសាមគ្គីភាពផ្ទៃក្នុងល្អ រវាងស្ថាប័នតុលាការ និងស្ថាប័នអយ្យការ ជាពិសេសមានកិច្ចសហប្រតិបត្តិការល្អពីអាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីមន្រ្តីនគរបាលយុត្តិធម៌គ្រប់ជំនាញ។
ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានលើកឡើងអំពី៖
* (១) ការកែទម្រង់វិស័យយុត្តិធម៌ ដោយលោកប្រធានបានបញ្ជាក់ថា ការកែទម្រង់វិស័យយុត្តិធម៌ គឺជាបេសកកម្មយុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាពមួយក្នុងការពង្រឹងនីតិរដ្ឋ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធានា និងការពារសិទ្ធិ និងសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងធានាឱ្យការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយត្រឹមត្រូវ ស្មើភាព និងយុត្តិធម៌។
* (២) សំណុំរឿងអាទិភាព ដែលរួមមាន (សំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងចរាចរណ៍ សំណុំរឿងគ្រឿងញៀន សំណុំរឿងក្មេងទំនើង និងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ និងត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាន ភូមិ-ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាយុត្តិធម៌មានប្រសិទ្ធភាព ឆាប់រហ័ស យុត្តិធម៌ និងបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
* (៣) ករណីស្រូបទោស ត្រូវពិនិត្យឱ្យបានហ្មត់ចត់ក្នុងករណីបទឧក្រិដ្ឋ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សូមពិនិត្យលក្ខខណ្ឌឱ្យបានត្រឹមត្រូវ។
* (៤) ការបញ្ជូនសំណុំរឿងនៃបណ្ដឹងឧទ្ធរណ៍ ត្រូវតាមដាន និងយកចិត្តទុកដាក់ក្នុងការបញ្ជូនសំណុំរឿងនៃបណ្ដឹងឧទ្ធរណ៍ ឱ្យបានឆាប់រហ័ស ជៀសវាងមានភាពយឺតយ៉ាវ។
* (៥)អំពីការឃុំខ្លួន ការដោះលែង និងការបិទការស៊ើបសួរ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
ជាមួយគ្នានេះ លោកប្រធាន ក៏បានណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវយកចិត្តទុកដាក់ ពិនិត្យឱ្យបានហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ ជៀសវាងកង្វះការចាត់ចែង ក្នុងពេលបំពេញកិច្ចរបស់ខ្លួន នាំឱ្យមានការមោឃភាពលើកំណត់ហេតុរបស់នគរបាលយុត្តិធម៌ សញ្ញាណនៃមោឃភាពបញ្ជាក់អំពី (១)ការពង្រឹងការអនុវត្តច្បាប់ (២)ផ្តល់ផលប្រយោជន៍ដល់ជនត្រូវចោទ រួចផុតពីការចោទប្រកាន់ដោយសារកង្វះការទទួលខុសត្រូវ និងការធ្វេសប្រហែសរបស់មន្រ្តីនគរបាលយុត្តិធម៌ (៣)ការទទួលនូវទណ្ឌកម្មវិន័យ តាមរយៈរបាយការណ៍របស់ព្រះរាជអាជ្ញា ឬ ចៅក្រមស៊ើបសួរ ជូនទៅអគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីពិនិត្យ និងឈានដល់ការហាមឃាត់ការបំពេញមុខងារជាមន្រ្តីនគរបាលយុត្តិធម៌បណ្តោះអាសន្ន ឬ ជាស្ថាពរ។
ជាចុងក្រោយ ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានមតិផ្តាំផ្ញើ ដល់សមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំប្រកបដោយសាមគ្គីភាពនិងការទទួលខុសត្រូវខ្ពស់។ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងមន្រ្តីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការនិងតុលាការ ដើម្បីធានាប្រសិទ្ធភាពនៃការទប់ស្កាត់ និងការបង្ក្រាបបទល្មើសឱ្យទាន់សភាពការណ៍ជាក់ស្តែង និងធានាបានប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌៕















