តំណាងលោក ហាក់ ម៉ុងហួត នាំអំណោយចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជននៅភូមិក្រយា ស្រុកសន្ទុក នៅខេត្តកំពង់ធំ
09-10-2026 10:15
(កំពង់ធំ)៖ លោកស្រី អុឹម សុខវីន រួមជាមួយលោក យ៉ង់ វិសាល អភិបាលរងស្រុកតាំងគោក តំណាងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ បាននាំអំណោយចុះសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាពជាមួយគ្រួសារអតីតយុទ្ធជនយ៉ាងស្និទ្ធស្នាល នៅភូមិក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ការនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជននេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធតស្រុកតាំងគោក ចំពោះការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានពលីកម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ក្នុងឱកាសនោះ លោកស្រី អុឹម សុខវីន និងលោក យ៉ង់ វិសាល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានឧបត្ថម្ភជាអំណោយមួយចំនួនដល់គ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។
ការចុះសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាពនេះ មិនត្រឹមតែជាការផ្តល់នូវជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីការដឹងគុណ និងការចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរជនទាំងឡាយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងការពារប្រទេសជាតិ។ អាជ្ញាធរមូលដ្ឋានប្តេជ្ញាបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដើម្បីធានាថាពួកគាត់ទទួលបាននូវជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម៕














