ACU ស៊ើបអង្កេតការក្លែងបន្លំឯកសារប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ចំនួន៩ករណី ជាលទ្ធផល ៥ករណីត្រូវបញ្ជូនទៅតុលាការ ខណៈ២ករណីត្រូវបានកោះហៅ
09-10-2026 09:13
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានប្រកាសថា ខ្លួនបានធ្វើការស៊ើបអង្កេត លើឯកសាររបស់បេក្ខជន ដាក់ពាក្យប្រឡងប្រជែងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ចំនួន៩ករណី ក្នុងនោះ រកឃើញថា ៥ករណីជាការប្រើប្រាស់សញ្ញាបត្របាក់ឌុបក្លែងក្លាយ ដែលត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងមានបេក្ខជនរឹងរូសម្នាក់មិនព្រមចូលខ្លួនបំភ្លឺ អ.ប.ពនឹងត្រូវអនុវត្តវិធានការនាំខ្លួនតាមផ្លូវច្បាប់។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ អ.ប.ព. បានប្រាប់ Fresh News ឱ្យដឹងថា ដូចគ្នានឹងបណ្តាឆ្នាំមុនៗដែរ អ.ប.ព. តែងតែចូលរួមត្រួតពិនិត្យយ៉ាងហ្មត់ចត់ចាប់តាំងពីដំណាក់កាលដាក់ពាក្យ។ ជាមួយគ្នានេះ ឧបការី អ.ប.ព. លោក កែវ ធីវុធ ដែលទទួលបន្ទុកដឹកនាំការសង្កេតការណ៍ បានបញ្ជាក់ថា សម្រាប់ការប្រឡងជំនាន់ទី២១នេះ គណៈកម្មការរៀបចំការប្រឡងរបស់គណៈមេធាវី បានលក់ពាក្យសរុប ៨១៦ច្បាប់ និងមានបេក្ខជនមកដាក់ពាក្យចំនួន ៧៣៦នាក់។
លោកស្រី អ៊ូ ស៊ីថា ឧបការី អ.ប.ព ដឹកនាំក្រុមការងារពិសេសផ្នែកកោសលវិច័យ និងស៊ើបអង្កេត បានលាតត្រដាងលម្អិតអំពីករណីទាំង ៩ ដែលត្រូវបានពិនិត្យ និងចាត់វិធានការ រួមមាន៖
ទី១. ករណីរកឃើញឯកសារក្លែងបន្លំ ដែលត្រូវបញ្ជូនទៅតុលាការ (៥ ករណី)៖
• ករណីទី១ (ប្រើប្រាស់ ១៧ដង)៖ បេក្ខជនប្រឡងធ្លាក់បាក់២ឌុបឆ្នាំ២០១៩ បានទិញសញ្ញាបត្រក្លែងក្លាយក្នុងតម្លៃ ៧០០ដុល្លារ តាមរយៈគ្រូបង្រៀនម្នាក់។ គ្រូបង្រៀនរូបនោះបានសារភាពថា ខ្លួនស៊ីកម្រៃជើងសារ ៣០-៥០ដុល្លារ/សន្លឹក ហើយបានបញ្ជូនអតិថិជនទៅមេខ្យល់ធំប្រមាណ ៣០នាក់រួចមកហើយ។ បេក្ខជនរូបនេះធ្លាប់ប្រើសញ្ញាបត្រក្លែងនេះដល់ទៅ ១៧ដង។
• ករណីទី២ (ប្រើប្រាស់ ៧ដង)៖ បេក្ខជនប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៩ បានទិញសញ្ញាបត្រក្លែងតម្លៃ ៣៥០ដុល្លារ ពីបុគ្គលម្នាក់ដែលស្គាល់គ្នាតាមតូបកាហ្វេ។ ក្រោយការស៊ើបអង្កេត បេក្ខជនបានសារភាព និងលាតត្រដាងថា ជនខិលខូចដែលយកលុយធ្វើសញ្ញាបត្រក្លែងឱ្យខ្លួននោះ មានឪពុកជារដ្ឋលេខាធិការនៅក្រសួងអប់រំ។ ជននេះធ្លាប់យកសញ្ញាបត្រក្លែងប្រើប្រាស់ ៧ដង។
• ករណីទី៣ (អតីតព្រះសង្ឃ ប្រើប្រាស់ ៤ដង)៖ អតីតព្រះសង្ឃដែលធ្លាប់ប្រឡងបាក់ឌុបជាបេក្ខជនស្វ័យរិនកាលពីឆ្នាំ២០១០ បានប្រើសញ្ញាបត្រក្លែងក្លាយ ដែលអះអាងថាយកពីព្រះសង្ឃមួយអង្គទៀតដោយមិនអស់ប្រាក់។ ជននេះធ្លាប់យកសញ្ញាបត្រក្លែងទៅប្រើប្រាស់ ៤ដងមកហើយ។
• ករណីទី៤ (កូនមេធាវី ដកពាក្យមិនរួចខ្លួន)៖ បេក្ខជនប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៤ ដែលមានឪពុកជាមេធាវី ត្រូវបានរកឃើញភាពមិនប្រក្រតីជាច្រើនលើសញ្ញាបត្រ។ ដំបូងឡើយ បេក្ខជនរូបនេះបានទម្លាក់កំហុសលើជីតាដែលចែកឋានទៅ ប៉ុន្តែក្រោយការដេញដោល និងទម្លាក់ភស្តុតាងជិត ១ម៉ោង ទើបសារភាពថា ខ្លួនបានជួលអ្នករត់ការជាគ្រូម្នាក់តម្លៃ ១,២០០ដុល្លារ នៅឆ្នាំ២០១៨ ដើម្បីធ្វើសញ្ញាបត្របាក់ឌុបក្លែងក្លាយឆ្នាំ២០១៥។ ទោះបីជាបេក្ខជនរូបនេះបានរត់ទៅដកពាក្យប្រឡងពីគណៈមេធាវីវិញក៏ដោយ ក៏ អ.ប.ព. បញ្ជាក់ថា មិនអាចរលត់ការទទួលខុសត្រូវព្រហ្មទណ្ឌបានឡើយ។
• ករណីទី៥៖ អ.ប.ព. ក៏កំពុងបន្តកសាងសំណុំរឿងលើឯកសារក្លែងបន្លំផ្សេងទៀត ដើម្បីបញ្ជូនទៅស្ថាប័នអយ្យការអនុវត្តតាមច្បាប់។
ទី២. ករណីពិនិត្យឃើញថាត្រឹមត្រូវ និងអនុញ្ញាតឱ្យបន្តការប្រឡង (២ ករណី)៖
• ករណីសញ្ញាបត្រសាលាអន្តរជាតិ៖ បេក្ខជនចូលរៀនឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅឆ្នាំ២០២២ តែមានសញ្ញាបត្របាក់ឌុបឆ្នាំ២០២៣។ ការស៊ើបអង្កេតបានបញ្ជាក់ថា កាលពីឆ្នាំ២០២២ បេក្ខជនបានបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅសាលាអន្តរជាតិ American Golden Gate ដែលទទួលបានការទទួលស្គាល់តម្លៃសមមូលពីក្រសួងអប់រំរួចហើយ ទើបមានសិទ្ធិចូលរៀននៅ RULE ស្របច្បាប់។
• ករណីសញ្ញាបត្របាក់ឌុបតាំងពី ២៥ឆ្នាំមុន (ឆ្នាំ២០០១)៖ ក្រសួងអប់រំរកមិនឃើញគល់បញ្ជី ប៉ុន្តែ អ.ប.ព. បានចុះស្រាវជ្រាវផ្ទាល់ដល់មណ្ឌលប្រឡងវិទ្យាល័យបឋមវត្តបូព៌ ខេត្តសៀមរាប រហូតរកឃើញភស្តុតាងផ្ទៀងផ្ទាត់បញ្ជាក់ថា បេក្ខជនរូបនេះពិតជាបានប្រឡងជាប់នៅបន្ទប់ ០២ តុលេខ ២៦ ពិតប្រាកដមែន។
ទី៣. ករណីមិនទាន់ចូលបំភ្លឺ និងរឹងរូស (២ ករណី)៖
ក្នុងចំណោមនោះ មាន ១ករណី មិនទាន់ដល់ថ្ងៃកំណត់ចូលខ្លួនបំភ្លឺ និង ១ករណីចុងក្រោយទៀត បេក្ខជនបានរឹងរូសមិនព្រមចូលខ្លួនមកស្តាប់ចម្លើយតាមការកោះហៅរបស់ អ.ប.ព. ឡើយ ដែលករណីនេះ អ.ប.ព. នឹងអនុវត្តនីតិវិធីនាំខ្លួន តាមផ្លូវច្បាប់ជាធរមាន។
ការទប់ស្កាត់ និងបោសសម្អាតឯកសារក្លែងបន្លំយ៉ាងតឹងរ៉ឹងពីសំណាក់ អ.ប.ព. នេះ គឺជាការធានានូវយុត្តិធម៌ តម្លាភាព និងគុណវុឌ្ឍិពិតប្រាកដសម្រាប់អ្នកវិជ្ជាជីវៈច្បាប់ ដែលជាអ្នកការពារយុត្តិធម៌សង្គមទៅថ្ងៃអនាគត៕
