ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ជួបសំណេះសំណាល និងផ្តល់រង្វាន់អនុស្សាវរីយ៍ជូនមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
08-10-2026 21:34
(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធសាលាខេត្ត ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ថ្លែងក្នុងឱកាសនោះ លោក សរ សុពុត្រា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបំពេញភារកិច្ចរដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោកបានគូសបញ្ជាក់ថា រាល់សមិទ្ធផល ការអភិវឌ្ឍ និងសណ្តាប់ធ្នាប់រដ្ឋបាលដែលខេត្តសម្រេចបាន គឺមិនអាចកាត់ផ្តាច់បានឡើយពីកម្លាំងសាមគ្គីភាពផ្ទៃក្នុង និងភាពស្មោះត្រង់វិជ្ជាជីវៈរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់។
ទន្ទឹមនឹងនេះលោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាព ពង្រីកចំណេះដឹង និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ និងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។ លោកក៏បានផ្តាំផ្ញើឱ្យមន្ត្រីទាំងអស់បន្តខិតខំអនុវត្តតួនាទីភារកិច្ចដោយភាពបុរេសកម្ម ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសសិរីសួស្តីនៃពិធីបុណ្យភ្ជុំបិណ្ឌលោក សរ សុពុត្រា និង លោក ឈាង ឡាក់ ក៏បានប្រសិទ្ធពរជ័យជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។
បន្ទាប់ពីពិធីសំណេះសំណាល លោកអភិបាលខេត្តបានដឹកនាំរៀបចំកម្មវិធីចាប់ឈ្មោះផ្សងសំណាងដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនមុខ រួមមាន គ្រឿងកុំព្យូទ័រ កង្ហារ ឆ្នាំងអគ្គិសនី និងដបទឹកជាដើម ដែលបានបង្កជាបរិយាកាសយ៉ាងស្និទ្ធស្នាល សប្បាយរីករាយ និងបង្កើតនូវភាពកក់ក្តៅយ៉ាងក្រៃលែងដល់មន្ត្រីរាជការគ្រប់រូប៕















