FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្បៀង និងទេយ្យទានកុសលដ៏ថ្លៃថ្លា អង្ករជាង ១៥តោនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានប្រគេនដល់ព្រះសង្ឃ ៥១វត្ត ក្នុងខេត្តពោធិ៍សាត់

08-10-2026 20:23

(ពោធិ៍សាត់)៖ អង្ករចំនួន ១៥តោន និង ៣០០គីឡូក្រាម (ស្មើនឹង ៦១២បេ ដោយក្នុងមួយបេស្មើនឹង ២៥គីឡូក្រាម) ដែលជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកបណ្ឌិត ថោ គឿន រដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននាំយកប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្ត ដែលមានការខ្វះខាត ក្នុងខេត្តពោធិ៍សាត់ នារដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ នៅវត្តកែវវិជ័យ (វត្តមេគណខេត្ត)។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះព្រហ្មាភិរ័ត រតនបញ្ញោ កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ និងព្រះពោធិសត្តមហាមេត្តានុរក្ស ហួត សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ព្រះគ្រូចៅអធិការវត្តលលកសសុខារាម ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំង លោក រុន សារី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

យោងតាមរបាយការណ៍របស់មន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងចំណោមវត្តសរុប ២០៩វត្ត (គណៈមហានិកាយ និងគណៈធម្មយុត្តិ) និងព្រះសង្ឃសរុប២,១៨៤អង្គក្នុងខេត្ត មានវត្តចំនួន៥១វត្ត (មហានិកាយ ៤៨វត្ត និងធម្មយុត្តិ ៣វត្ត) ដែលបានជួបប្រទះការខ្វះខាត ជាពិសេសវត្តដែលមានព្រះសង្ឃស្នាក់នៅរៀនសូត្រច្រើនអង្គ។

អំណោយជាស្បៀងអង្ករ ដែលបានប្រគេនដល់ក្រុង-ស្រុកទាំង៧ ក្នុងខេត្តពោធិ៍សាត់ រួមមាន៖ ក្រុងពោធិ៍សាត់ ៨វត្ត, ស្រុកភ្នំក្រវាញ ៦វត្ត, ស្រុកតាលោសែនជ័យ ៨វត្ត, ស្រុកកណ្តៀង ៨វត្ត, ស្រុកបាកាន ៧វត្ត, ស្រុកក្រគរ ៧វត្ត និងស្រុកវាលវែង ៧វត្ត (ដោយក្នុង១វត្ត ទទួលបានអង្ករចំនួន៣០០គីឡូក្រាម)។

មានប្រសាសន៍ក្នុងពិធីនោះលោកបណ្ឌិត ថោ គឿន បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ក៏ដូចជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះព្រះមេគណ ព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទទាំងអស់។

លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងបន្តវេនប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ និងគិតគូរជាប់ជាប្រចាំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដោយប្រកាន់ខ្ជាប់នូវស្មារតី៖ «ទីណាមានទុក្ខលំបាក ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដោះស្រាយ»។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការក៏បានក្រើនរំលឹកដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ ឱ្យបន្តចូលរួមថែរក្សាសុខសន្តិភាព លើកកម្ពស់ការអភិវឌ្ឍសង្គមជាតិ ព្រមទាំងការអនុវត្តតាមអភក្រម ស.៣ របស់ក្រសួងធម្មការនិងសាសនា គឺ «វត្តស្អាត វត្តស្វាង និងវត្តស្ងប់» ក៏ដូចជាការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការជៀសឱ្យផុតពីគ្រឿងញៀន និងហ្គេមអនឡាញផងដែរ។

គួររំលឹកផងដែរថា ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រគេនអង្ករសរុបចំនួន ២៦១,៣០០គីឡូក្រាម (ស្មើនឹង២៦១តោន និង៣០០គីឡូក្រាម) ជូនដល់វត្តចំនួន ៨៧១វត្ត នៅទូទាំងប្រទេស ដែលបង្ហាញពីទឹកចិត្តសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុតចំពោះព្រះពុទ្ធសាសនា៕