FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលករខ្មែរជិត ១០០នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

08-10-2026 20:07

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរចំនួន ៩៦នាក់ ក្នុងនោះមានស្រី ១៤ នាក់និងកុមារ ៤នាក់ ឱ្យអាជ្ញាធរកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ភ្លាមៗក្រោយទទួល អាជ្ញាធរកម្ពុជា ទទួលបានជូនអាហារសម្រន់ក្នុង ១នាក់ មានបាយសាច់ជ្រូក១ប្រអប់ និងទឹកបរិសុទ្ធ ១ដប។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បានបន្ថែមថា ពលករខ្មែរដែលថៃ ចាប់បញ្ជូនមានពលករខ្មែរដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ និងអាជីវករខ្មែរដែលលក់ដូរនៅផ្សាររ៉ូងក្លឿ ប្រទេសថៃ ដែលគ្មានឯកសារ និងស្នាក់នៅខុសច្បាប់ និងពលករខ្មែរដែលចាញ់បោកមេខ្យល់ដែលលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បានបញ្ជាក់ថា ពលករខ្មែរដែលអាជ្ញាធរមានសមត្ដកិច្ចថៃចាប់បញ្ជូនឱ្យអាជ្ញាធរកម្ពុជា នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្លាំងជំនាញបានសាកសួរព័ត៌មាន ហើយដឹកជញ្ជូនតាមរថយន្តទៅដាក់នៅមណ្ឌលសំចតក្រុងប៉ោយប៉ែត និងត្រៀមដឹកជញ្ជូនឱ្យដល់លំនៅដ្ឋានដោយសុវត្ថិភាព៕