សុខសុវត្ថិភាពក៏រក្សា ពុទ្ធសាសនាក៏ចូលរួម! មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នាំយកអំណោយ និងបច្ច័យជាង ១០លានរៀល ប្រគេនព្រះសង្ឃ ចំនួន៣វត្ត ក្នុងពិធីកាន់បិណ្ឌវេនទី១២
08-10-2026 20:11
(ត្បូងឃ្មុំ)៖ ក្នុងបរិយាកាសដ៏ជ្រះថ្លានៃពិធីបុណ្យភ្ជុំបិណ្ឌ លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌ រាប់បាត្រ (វេនបិណ្ឌទី១២) និងប្រគេនទេយ្យទាន ទេយ្យវត្ថុ ជូនដល់ព្រះសង្ឃចំនួន ៣វត្ត រួមមានវត្តក្តុល វត្តអន្ទ្រឺស និងវត្តស្លា ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានេះ គណៈប្រតិភូកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានវេរប្រគេន និងជូននូវសម្ភារ ព្រមទាំងថវិកាសរុបចំនួន ១០,០៧១,០០០ រៀល ក្នុងនោះរួមមាន៖ ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ៖ បច្ច័យបូជាប្រគេនព្រះសង្ឃចំនួន ២,៥០០,០០០រៀល, បច្ច័យចូលរួមកសាងចំនួន ១,២០០,០០០រៀល, សាដក ៤១ ឈុត, សង្ឃទាន (សង្ហាន់) ៦ ស្រាក់, អង្ករ ៦ បេ, មី ៦ កេស, ត្រីខ ៦ យួរ, ទឹកត្រី ៦ យួរ, ទឹកស៊ីអ៊ីវ ៦ យួរ, ទឹកបរិសុទ្ធ ១២ កេស និងភេសជ្ជៈ ១២កេស។
អំណោយជូនប្រជាពលរដ្ឋ ថវិកាសរុបចំនួន ១,៦២០,០០០រៀល ត្រូវបានបែងចែកជូនដល់លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីបុណ្យ។
ក្រៅពីកិច្ចខិតខំថែរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សកម្មភាពមនុស្សធម៌ និងការទ្រទ្រង់ព្រះពុទ្ធសាសនានេះ បានស្តែងឲ្យឃើញពីទឹកចិត្តយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ ក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិ និងការលើកកម្ពស់វិស័យពុទ្ធចក្រនៅក្នុងមូលដ្ឋាន៕









