ស្នាមញញឹម និងក្ដីសង្ឃឹម បានលេចឡើងលើផ្ទៃមុខ និវត្តន៍ជនជាសិល្បករ សិប្បករ និងអ្នកមានវិជ្ជាជីវៈលើវិស័យវប្បធម៌ ក្រោមការយកចិត្ដទុកដាក់ពីអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
08-10-2026 19:06
(ភ្នំពេញ)៖ ក្នុងជីវិតមនុស្សចាស់តែងតែគិតថា ចាស់ទៅខ្លាចណាស់ការកំព្រាឯកា មិនទទួលបានយកចិត្ដទុកដាក់ពីអ្នកជុំវិញខ្លួន មិនត្រូវបានមានការមិននឹកនា ស្របពេលខ្លះខ្លួនមិនអាចធ្វើអ្វីបានទៀត, តែក្រោមវត្ដមានមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺមិនបណ្ដោយឱ្យមនុស្សក្មេងចាស់ប្រុសស្រីរូបណាជួបការលំបាក មិនទទួលបានការយកចិត្ដទុកដាក់នោះទេ បើទទួលបានដំណឹងដល់ដៃ អ្នកម្ដាយមិនដែលនៅស្ងៀម និងមិនអើងពើនោះឡើយ តែងតែគិតគូរចុះទៅជួប ចុះជួយដោយផ្ទាល់ និងចាត់តំណាងភ្លាមៗ។
ជាក់ស្ដែងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ និវត្តន៍ជនជាសិល្បករ សិប្បករ និងអ្នកមានវិជ្ជាជីវៈលើវិស័យវប្បធម៌ ប្រមាណ ២៥១នាក់ មកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល បានទទួលនូវការសួរសុខទុក្ខ និងអំណោយពីកាកបាទក្រហមកម្ពុជា ដែលមានអ្នកម្ដាយមនុស្សធម៌ជាប្រធាន ដែលលោកបានចាត់តំណាងឱ្យរៀបចំពិធីជួបជុំ និងផ្ដល់អំណោយជាស្បៀង សម្ភារ និងថវិកាមួយចំនួនទៀត ជូនដល់លោកតា លោកយាយ លោកអ៊ុំ ពូមីង ដែលសិល្បករ សិប្បករ ដែលបានចូលនិវត្ដន៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្រោមការយកចិត្ដទុកដាក់ និងសេចក្ដីគោរពស្រលាញ់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកបដោយភាពកក់ក្ដៅគ្មានពីរ, លោកតា លោកយាយ លោកអ៊ុំ ពូមីង ដែលសិល្បករ សិប្បការិនី និងចាស់ព្រឹទ្ធាចារ្យដែលជាមរតកមនុស្សរស់បានចូលនិវត្ដន៍ បានបង្ហាញក្ដីសង្ឃឹម និងស្នាមញញឹមប្រកបដោយភាពសប្បាយរីករាយជាពន់ពេក ព្រោះតែការរៀបចំទុកដាក់បង្កើតកម្មវិធីជួបជុំ និងសំណេះសំណាលផ្ដល់អំណោយ ក្នុងឱកាសបុនណ្យភ្ជុំបិណ្ឌនេះ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុនសែន។
ឱកាសសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ខាងលើនេះ លោកស្រី ពុំ ចន្ទីនី បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងការសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះលោកស្រីបានលើកឡើងថា សិល្បករចាស់ព្រឹទ្ធាចារ្យទាំងអស់ គឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រ ដែលបានឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុត និងជាអ្នកបានយកជីវិត និងចំណេះដឹងមកស្តារ ព្រមទាំងបណ្ដុះបណ្ដាលវប្បធម៌ អារ្យធម៌ជាតិឡើងវិញ។ លោកស្រីបានគូសរម្លឹកដោយភ្ជាប់ជាមួយនឹងការអំពាវនាវដល់សិល្បករទាំងអស់ ឱ្យយកចិត្តទុកដាក់លើការថែទាំសុខភាព ជាពិសេសត្រូវកាត់បន្ថយការបរិភោគផ្អែមពេក ប្រៃពេក និងខ្លាញ់ពេក ដើម្បីជៀសវាង និងការពារពីជំងឺមិនឆ្លងដែលកំពុងកើតមានច្រើននាពេលបច្ចុប្បន្ន ដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺរលាកផ្លូវដកដង្ហើមរ៉ាំរ៉ៃជាដើម។
នាឱកាសសំណេះសំណាលនេះក៏មានភ្ជាប់ជាមួយនឹងអំណោយជូនដល់និវត្តន៍ជន ដោយក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១កេស, ភេជ្ជៈប៉ូការីស្វេត១កេស, សាប៊ូក្លិនកក់សក់១ដប់, សាប៊ូក្លិនដុសខ្លួន១ដប និងថវិកាមួយចំនួន។
លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ សិល្បករ និងអ្នកជំនាញក្នុងសិល្បៈវប្បធម៌
សូមគោរពថ្លែងអំណរគុណនិងកតញ្ញូតាធម៌ និងសេចក្ដីគោរពដ៏ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ការគាំទ្រយ៉ាងកក់ក្ដៅចំពោះចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ សិល្បករ និងអ្នកជំនាញក្នុងសិល្បៈវប្បធម៌។
លោកបានថ្លែងបន្ដថា ដោយសារមានការយកចិត្តទុកដាក់ និងគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទើបមានការរៀបចំ កម្មវិធីជួបជុំ សំណេះសំណាល និងសួរសុខទុក្ខចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ នាពេលនេះ។កម្មវិធីនេះ មិន មែនគ្រាន់តែជាការជួបជុំធម្មតាមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវ ការគោរពការដឹងគុណ ការយកចិត្តទុកដាក់ និងការលើកតម្កើងចំពោះសិល្បករចាស់ៗ និងអ្នកមានគុណូបការៈចំពោះវិស័យសិល្បៈ និងវប្បធម៌ជាតិ ដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្ត ពេលវេលាចំណេះដឹង និងបទពិសោធន៍ពេញមួយជីវិត ដើម្បីបន្សល់ទុកនូវមរតកដ៏មានតម្លៃសម្រាប់ប្រទេសជាតិ និងមនុស្សជំនាន់ក្រោយ។ ជាការពិតណាស់ សិល្បៈ និងវប្បធម៌របស់ជាតិ មិនអាចរីកចម្រើន និងបន្តពីជំនាន់មួយទៅជំនាន់មួយបានឡើយ ប្រសិនបើគ្មានការលះបង់ និងការខិតខំប្រឹងប្រែងរបស់សិល្បករ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងអ្នកជំនាញជំនាន់ មុន។ អស់លោក គឺជាអ្នកដែលបាន រក្សាទុកចំណេះដឹង បទពិសោធន៍ បច្ចេកទេស ជំនាញ និងទម្រង់សិល្បៈ ដែលមាន តម្លៃពីអតីតកាល ឱ្យនៅរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្ន។
ទន្ទឹមនឹងនោះលោកបានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈក្តីអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កម្មវិធីដ៏មានអត្ថន័យ និងប្រកបដោយភាពកក់ក្តៅនេះ នឹងអាចបន្តរៀបចំឡើង
នាឆ្នាំក្រោយៗទៀត ដើម្បីផ្តល់ឱកាសឱ្យចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងអ្នកជំនាញក្នុងសិល្បៈវប្បធម៌ទាំងអស់ បានជួបជុំ សំណេះសំណាល សួរសុខទុក្ខ និងរំឮកនូវអនុស្សាវរីយ៍ដ៏មានតម្លៃជាមួយគ្នា។
តំណាងនិវត្តន៍ជន និងសិល្បករ សិប្បករទាំងអស់ សូមបួងសួងជូនពរ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំការងារមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះជានិរន្តរ៍ និងជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅប្រុសស្រីគ្រប់ៗរូប៕





























