FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការតម្កល់ប្រតិវទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុននានា ជំរុញ​កម្ពុជាឆ្ពោះទៅ«សេដ្ឋកិច្ចស» និងបញ្ចៀសករណីម្ចាស់ភាគហ៊ុនជាប់ក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅ  (Video inside)

08-10-2026 18:42

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារៈសំខាន់នៃការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយមិនត្រឹមតែធ្វើឱ្យក្រុមហ៊ុននានាដំណើរការដោយស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យទៅជា «សេដ្ឋកិច្ចស» និងបញ្ចៀសករណីម្ចាស់ភាគហ៊ុនជាប់ក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅ​​ ដើម្បីទទួលបានការទទួលស្គាល់ និងទុកចិត្តពីអន្តរជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម» ដែល​រៀបចំឡើងនៅថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០២៦​នេះ​ លោក ប៉ែន សុវិជាតិ​ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យប្រទេសកម្ពុជាក្លាយជា «សេដ្ឋកិច្ចស» ដូចប្រសាសន៍របស់សម្ដេចមហាបវរធិបតី​ ដែលការកិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីជៀសវាងការជាប់ក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការរកស៊ីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។​ដូច្នេះហើយ ទើបក្រសួងជំរុញឱ្យក្រមហ៊ុននានាដែលកំពុងរកស៊ីនៅកម្ពុជា ធ្វើការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដើម្បីក្រសួងអាចដឹងពីដំណើរការ និងសុខភាពរបស់ក្រុមហ៊ុនដែលរកស៊ីនៅកម្ពុជា និងបញ្ចៀសបញ្ហាមិនប្រក្រតី ដែលនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា។

លោកបន្តថា «យើងមិនចង់ឲ្យជាប់នៅក្នុងបញ្ជីប្រផេះ ឬក៏មិនចង់ឲ្យគេក្រឡេកមកឃើញថាប្រទេសកម្ពុជាយើងមានបុគ្គល ឬក៏មានម្ចាស់ភាគហ៊ុនណាដែលជាប់បញ្ជីខ្មៅអីទេ។[...] ការតម្កល់ប្រតិវទន៍ប្រចាំឆ្នាំ មានបញ្ជាក់ពីសាវតារបស់ម្ចាស់ភាគហ៊ុន និងប្រធានក្រុម​ប្រឹក្សាភិបាល»​។

លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ក្រោយពីក្រសួងពាណិជ្ជកម្ម បានរកឃើញករណីសង្ស័យ​បុគ្គល​៣៤នាក់​​​ជាប់ក្នុងបញ្ជីប្រផេះរបស់អាមេរិក ក្នុងនោះ ៧ នាក់ត្រូវបានកំណត់ថាជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។

​ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី ដែលជាអ្នកជំនួញក្នុងវិស័យដឹកជញ្ជូនលេចធ្លោនៅកម្ពុជា បានបង្ហាញការគាំទ្រ និងជំរុញក្រុមហ៊ុននានាធ្វើការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។ លោកបានសង្កត់ធ្ងន់ថា ដើម្បីឲ្យកម្ពុជាមានពាណិជ្ជកម្មប្រកបដោយតម្លាភាព ធុរកិច្ចជនទាំងអស់ត្រូវតែមានអត្តសញ្ញាណត្រឹមត្រូវ និងចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម​៕