FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរបន្តចុះត្រួតពិនិត្យរដ្ឋបាលនៅក្រុងប៉ោយប៉ែត លើ៤ទីតាំង រកឃើញមានជនបរទេសស្នាក់នៅចំនួន១៦នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams នោះទេ

08-10-2026 17:47

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរក្រុងប៉ោយប៉ែតដឹកានាំដោយលោក លៀម សុដា អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួម សហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត បានចុះអនុវត្តការងាររដ្ឋបាលនៅក្នុងសង្កាត់ប៉ោយប៉ែត សង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត លើ៤ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន១៦នាក់ តែមិនជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

របាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការចុះអនុវត្តការងាររដ្ឋបាលនៅតាមបណ្តាសង្កាត់ ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៤ទីតាំងនេះ រកឃើញជនបរទេសស្នាក់នៅចំនួន ១៦នាក់ ស្រី ៥នាក់ ក្នុងនោះជនជាតិថៃ ៤នាក់ (ស្រី ២នាក់) ជនជាតិឥណ្ឌូនេស៉ី៣នាក់។

ទីតាំងដែលបានចុះការងាររដ្ឋបាលមានដូចតទៅ ៖
១៖ សង្កាត់អូរជ្រៅ ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុង លោកពេស រិយាស័ក អភិបាលរងក្រុង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះរដ្ឋបាល និងបង្រ្កាបបទល្មើសឆបោកតាមបច្ចេកវិទ្យាអនឡាញScams អនុវត្តបានចំនួន២ ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ១៤នាក់ ស្រី ៤នាក់ (ជនជាតិ ថៃ ១១នាក់ ស្រី៤នាក់ ជនជាតិឥណ្ឌូណេស៊ី ៣នាក់ ស្រី ០នាក់) មានឯកសារត្រឹមត្រូវទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ ។

២៖ សង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាង អភិបាលរងក្រុង អនុវត្តបានចំនួន ២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២នាក់ ស្រី ១នាក់ (ចិន ២ នាក់ ស្រី ១នាក់) ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ ៕