FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម បន្តលើកលែងការផាកពិន័យកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដល់ក្រុមហ៊ុននានា រហូតដល់ដើមខែមករា ឆ្នាំ២០២៧ (Video inside)

08-10-2026 16:50

​(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មបានរំលឹកជាថ្មី​ អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុននានា ក្នុងការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដើម្បីធានានូវអនុលោមភាពតាមច្បាប់ ​​​​ចៀសវាងរងការផាកពិន័យ ឬការចាត់វិធានណាមួយ​ ខណៈក្រសួងពាណិជ្ជកម្ម នឹងបន្តផ្តល់ការអនុគ្រោះ លើកលែងការផាកពិន័យដល់ដើមខែមករា ឆ្នាំ២០២៧។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ​ គឺជាកាតព្វកិច្ចដ៏ចាំបាច់ និងមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុននីមួយៗ ដើម្បីធានានូវវិន័យផ្ទាល់ខ្លួន និងជាការពិនិត្យមើល «សុខភាព» របស់ក្រុមហ៊ុន។ ​

លោកបន្តថា ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ​ គឺជាកាតព្វកិច្ចដែលតម្រូវដោយច្បាប់ ​ហើយការខកខានមិនបាន​តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ អាចបណ្ដាលឱ្យក្រុមហ៊ុនទទួលរងការពិន័យ ហើយប្រសិនបើភ្លេចដាក់តម្កល់រយៈពេលបីឆ្នាំជាប់ៗគ្នា ក្រុមហ៊ុននឹងក្លាយជា «អកម្ម» (inactive) ដែលមានន័យថាលែងជាក្រុមហ៊ុនសកម្ម ហើយក្រសួង​នឹងបញ្ជូនទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យមើលកាតព្វកិច្ចពន្ធនានា។

​ដើម្បីសម្រួលដល់ក្រុមហ៊ុន ដែលបានខកខានការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ច្រើនឆ្នាំជាប់គ្នាកន្លងមក ក្រសួង​នឹងបន្តលើកលែងការពិន័យ​ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧ ​ដោយតម្រូវបង់ពិន័យត្រឹមតែមួយឆ្នាំចុងក្រោយប៉ុណ្ណោះ។ ​

លោក ឱម តារារិទ្ធ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម បានលើកឡើងថា ការមិនបានបំពេញកាតព្វកិច្ចនេះតាមកាលកំណត់ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យ ស្របតាមច្បាប់ជាធរមាន។​​ យោងតាមបទប្បញ្ញត្តិ​ក្រុមហ៊ុនអាចធ្វើការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ខ្លួន ក្នុងអំឡុងពេល ៣ (បី) ខែ មុនថ្ងៃខួបកាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម។ នេះជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនក្នុងការរៀបចំឯកសារ និងបំពេញកាតព្វកិច្ចរបស់ខ្លួនបានទាន់ពេលវេលា និងដោយរលូន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ក្រុមហ៊ុនដែលខកខានមិនបានតម្កល់ប្រតិវេទន៍ក្នុងអំឡុងពេល ៣ (បី) ខែ នោះ គឺនៅមានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃបន្ថែមទៀត ដែលគិតចាប់ពីថ្ងៃខួបកាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម ដើម្បីបន្តធ្វើការតម្កល់ប្រតិវេទន៍។ ​

លោកបន្តថា ​ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំអាចធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល​ ដោយ​ក្រុមហ៊ុននានាអាចប្រើប្រាស់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម (businessregistration.moc.gov.kh) ឬតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX (registrationservice.gov.kh) ដោយប្រើប្រាស់គណនី CamDigiKey របស់ក្រុមហ៊ុន។ លើសពីនេះ ដើម្បីបង្កើនភាពងាយស្រួល ក្រសួងក៏បានអនុញ្ញាតឱ្យមានការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមរយៈ MiniApp របស់ធនាគារធំៗមួយចំនួនដូចជា ABA, ACLEDA និង CANADIA ផងដែរ។

​​ក្រុមហ៊ុនដែលមានកាតព្វកិច្ចតម្កល់ប្រតិវទន៍ប្រចាំឆ្នាំនេះ រួមមាន ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមូលធន ​និងក្រុមហ៊ុនពាណិជ្ជកម្មបរទេស (ដូចជាសាខាបរទេស និងការិយាល័យតំណាងបរទេស)។ ដោយឡែកសហគ្រាសធុនធតូច និងមធ្យម មិនទាន់កាតព្វនោះទេ។

បើតាមមន្រ្តី ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ មកកាតព្វកិច្ចតម្កល់ប្រតិវទន៍ប្រចាំឆ្នាំ​ ​ក្រុមហ៊ុននឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្ម (Inactive Company) ដែលអាចប៉ះពាល់ដល់សិទ្ធិ និងស្ថានភាពរបស់ក្រុមហ៊ុនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕