រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បាននាំយកទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនដល់វត្តខ្វះខាតចំនួន ១១១វត្ត នៅខេត្តបាត់ដំបង ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៦
08-10-2026 16:13
(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញនាំយកទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃតាមវត្តអារាមដែលមានការខ្វះខាត ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២៦ សរុបចំនួន ១១១វត្ត ស្ថិតនៅវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្តព្រះអនុគណ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈ តំណាងឱ្យវត្តទាំង១១១វត្ត និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋាន អាចារ្យ គណៈកម្មការវត្ត ព្រមទាំងលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្ត។
លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ប្រគេនដល់ព្រះមន្ត្រីសង្ឃ និងជូនពុទ្ធបរិស័ទទាំងអស់ ដោយក្ដីនឹករលឹក ដែលជានិច្ចជាកាល សម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខព្រះសង្ឃ និងទីវត្តអារាមនៅតំបន់ជនបទដាច់ស្រយាល ដែលខ្សត់ពុទ្ធបរិស័ទ ជាពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជាឱកាសដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទធ្វើទាន រក្សាសីល និងឧទ្ទិសកុសលដល់បុព្វការីជន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រក្សាបាននូវសុខសន្តិភាព ស្ថិរភាព អធិបតេយ្យភាព បូរណភាពទឹកដី និងបានយកចិត្តទុកដាក់ខ្ពស់លើការអភិរក្ស លើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
ការប្រគេនអង្ករដល់វត្តខ្វះខាតនាឱកាសនេះ គឺជាការបន្តប្រពៃណីដ៏ល្អផូរផង់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការឧបត្ថម្ភព្រះពុទ្ធសាសនា និងធានាឱ្យព្រះសង្ឃដែលគង់នៅវត្តតំបន់ដាច់ស្រយាល មានចង្ហាន់គ្រប់គ្រាន់ក្នុងការបំពេញសមណកិច្ច ទាំងក្នុងរដូវបុណ្យ និងក្រោយរដូវបុណ្យ។
លោកបានបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌ដល់ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាល ហើយបានអំពាវនាវដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ចូលរួមរៀបចំវត្តអារាមឱ្យស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា គឺ វត្តស្អាត វត្តស្វាង វត្តស្ងប់ រៀបចំសាសនពិធីឱ្យបានត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា ក្នុងស្មារតី «ព្រះពុទ្ធសាសនាតែមួយ សាសនពិធីតែមួយ» ។
ក្នុងឱកាសនោះលោក ចាយ បូរិន បានប្រគេនទេយ្យទានជាអង្ករ និងបច្ច័យមួយចំនួនដែលជាសទ្ធាជ្រះថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វត្តខ្វះខាតសរុបចំនួន ១១១វត្ត ដែលក្នុងមួយវត្តទទួលបានអង្ករចំនួន៣០០គីឡូក្រាម សរុបអង្ករទាំងអស់ចំនួន ៣៣ ៣០០ គីឡូក្រាម។
ព្រះមេគណខេត្ត តំណាងព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទទាំង១១១វត្ត មានក្ដីរំភើបរីករាយ និងបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងបានបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារទាំងមូល ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ ព្រមទាំងទទួលបាននូវឧត្តមពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕












